សូមជួយខ្លួនឯងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន និងពឹងអ្នកដទៃតែអ្វីដែលខ្លួនមិនអាចធ្វើបានប៉ុណ្ណោះ

 ភ្នំពេញ៖ លោក​បណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាសា្ថនទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បានក្រើនរំឭកដល់មហាជនទាំងឡាយឱ្យចេះភ្ញាក់ខ្លួន ចេះរៀនរស់ រៀនរកដោយខ្លួនឯង និងពឹងពាក់អ្នកដទៃតែរឿងណាដែលខ្លួនពិបាកដោះស្រាយតែប៉ុណ្ណោះ។

បណ្ឌិតទស្សនវិជ្ជារូបនេះ បានបង្ហោះពំនោលជាសាធារណៈតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា«សូមជួយខ្លួនឯងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន និងពឹងអ្នកដទៃតែអ្វីដែលខ្លួនមិនអាចធ្វើបានប៉ុណ្ណោះ»។​

ក្នុងនាមជាអ្នកចូលចិត្តបញ្ចេញទស្សនៈតាមប្រព័ន្ធផ្សព្វផ្សាយផង លោក​បណ្ឌិត ឈត ប៊ុនថង បានសរសេររ៉ាយរ៉ាប់បន្ថែមថា៖ ១.កុំប្រឹងតែបន់ស្រន់ឱ្យព្រះជួយ តែត្រូវខិតខំជួយខ្លួនឯងឱ្យអស់លទ្ធភាពដែលខ្លួនមាន។ ២.ការយកឱវាទ គោលកាណ៍ ទស្សនវិជ្ជា…របស់ទស្សនវិទូ ព្រះ…មកស្វែងយល់និងអនុវត្ត មានប្រយោជន៍ច្រើនជាងការគ្រាន់តែទៅថ្វាយបង្គំរូបថតឬរូបសំណាករបស់ទស្សនវិទូឬព្រះដែលយើងគោរព រាប់រយពាន់ដង។ ៣.ការបើកបរដោយគោរពច្បាប់ចរាចរណ៍ សីលធម៌និងគុ​ណ​ធម៌ដោយស្ម័គ្រចិត្ត អាចជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍បានច្រើនជាងការសម្រួលចរាចរណ៍របស់នគរបាលចរាចរណ៍នៅតាមគោលដៅនីមួយៗ។ ៤.ការជួយជាតិយើងឱ្យរឹងមាំ ឯករាជ្យ មានស្វ័យភាព អធិបតេយ្យ រីកចម្រើន និងសុខដុមភាព ដោយខ្លួនយើង ប្រសើរជាងការពឹងបរទេសរាប់រយដង និងអាចបញ្ចៀសហានិភ័យផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុ៕

ដោយ៖ គង់ សេដ្ឋាមុនី