ភ្នំពេញ៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំ កម្ពុជា បានស្នើសុំបើកព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាពរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុ ដើម្បី ឆ្លើយតបតាមសំណើររបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុប្រជាជនឥណ្ឌូនេស៊ីមករស់នៅខេត្តព្រះសីហនុ មានចំនួនច្រើន ក៏ប៉ុន្តែពួកគេមិនសូវចេះថែទាំសុខភាព។
លោក Santo Darmosumarto បានស្នើបែបនេះ ក្នុងពេលលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្តីទី នៅថ្ងៃ១៩ ខែមីនា ឆ្នាំ ២០២៤។
នាឱកាសនោះ លោក Santo Darmosumarto បាន្លថែងថា ៖« នៅក្នុងជំនួបជាមួយ លោក គួច ចំរើន កាលពីលើកទី១ កាលពីឆ្នាំ២០២៣ លោក គួច ចំរើនថា ប្រជាជនឥណ្ឌូនេស៊ីមករស់នៅខេត្តព្រះសីហនុ មានចំនួនច្រើន ក៏ប៉ុន្តែពួកគេមិនសូវចេះថែទាំសុខភាព ដើម្បីជាការឆ្លើយតបទៅនឹងការណែនាំរបស់លោក អភិបាលខេត្ត ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងរៀបចំការតាំងពិព័រណ៍ សុខភាព និងផលិតផលសុខភាពរយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ»។
លោក Santo Darmosumarto បន្ថែមថា៖« ក្នុងនោះថ្ងៃទី ១.បើកវេទិការផ្តល់យោបល់ផ្នែកសុខភាពគឺសម្រាប់តែប្រជាពលរដ្ឋឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ថ្ងៃទី២.រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលសុខភាពដែលអាចចូលរួមបានទាំងប្រជាជនខ្មែរ និងឥណ្ឌូនេស៊ី ហើយផលិតផលទាំងនោះមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាស្រាប់ ទន្ទឹមនោះ ក៏មានក្រុមគ្រូពេទ្យឥណ្ឌូនេស៊ី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ជួយពិនិត្យព្យាបាល និងប្រឹក្សាជំងឺដោយឥតគិតថ្លៃផងដែរ»។
ក្នុងឱកាសនោះ លោក Santo Darmosumarto ក៏បានស្នើសុំឱ្យមានវាគ្មិនកម្ពុជា ចូលរួមជាមួយ វាគ្មិនឥណ្ឌូនេស៊ី ផ្សព្វផ្សាយស្តីពីសុខភាពជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងប្រជាជនកម្ពុជា។ ក្នុងនោះក៏មានការផ្សព្វផ្សាយសុខភាពមាតានិងទារកផងដែរ។
លោក Santo Darmosumarto ក៏បានស្នើសុំឱ្យអភិបាលខេត្តព្រះសីហនុចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាពនៅថ្ងៃទី៨ ខែមិថុនា ២០២៤។ជួយផ្សព្វផ្សាយព័ត៌មានស្តីពីពិព័រណ៍សុខភាព និងផលិតផលសុខភាពរបស់ស្ថានទូតឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ។ និង ស្នើសុំដៃគូរចូលរួម មានដូចជា គ្លីនិកឯកជន ឬមន្ទីរពេទ្យខេត្តចូលរួមជាមួយគ្នា។
បើតាម លោក Santo Darmosumarto នៅក្នុងការបើកព្រឹត្តិការណ៍សុខភាព និងផលិតផលសុខភាពនៅលើទឹកដីនៃខេត្តព្រះសីហនុ មានស្តង់ចំនួន១០ ដាក់តាំងផលិតផលសុខភាពផងដែរ ។
ជាការឆ្លើយតប លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្តីទី បានស្វាគមន៍ចំពោះការបើកព្រឹត្តិការណ៍របស់ស្ថានទូតឥណ្ឌូនេស៊ីនៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ហើយលោកនឹងយកសំណើររបស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីទៅជំរាបជូនលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់ស្ថានទូត ។
លោក ម៉ាង ស៊ីណេត បន្ថែមថា ជាមួយគ្នានោះ រដ្ឋបាលខេត្តនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ពិព័រណ៍សុខភាព និងផលិតផលសុខភាពរបស់ឥណ្ឌូនេស៊ីនៅលើទឹកដីខេត្តព្រះសីហនុ និងសូមស្វាគមន៍ចំពោះអ្នកវិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងបំពេញការងារ រកស៊ីនៅក្នុងខេត្តព្រះសីហនុ ព្រោះមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីធ្វើការនៅខេត្តព្រះសីហនុមានចំនួនច្រើន ។
លោក ម៉ាង ស៊ីណេតថ្លែងថា៖«យើងខិតខំជួយសម្របសម្រួលទាក់ទងនឹងការបើកព្រឹត្តិការណ៍នៅលើទឹកដីនៃខេត្តព្រះសីហនុ ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរយៈពេល ៦៥ឆ្នាំ និងមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១១ ៦៤៩នាក់ ស្រី ២ ៤៨៨នាក់ ស្នាក់នៅតាមគោលដៅសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សហគ្រាស ។ល។ និងសុំឱ្យដំណើរទស្សនកិច្ច និងការស្នាក់នៅខេត្តព្រះសីហនុទទួលបានសុខសុវត្ថិភាព»៕