អង្គការអុកស្វាម សហការជាមួយដៃគូចំនួន៩ មានក្តីសោមន្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដ៏សំខាន់មួយឈ្មោះថា “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា – Climate Change Resilience for All” ហៅកាត់ CREFA នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយក្នុងនោះ រដ្ឋាភិបាលអៀរឡង់បានប្តេជ្ញាចិត្តក្នុងការបង្កើនទ្វេដងនូវហិរញ្ញវត្ថុអាកាសធាតុជាសាកលដល់យ៉ាងហោចណាស់ ២២៥ លានអឺរ៉ូក្នុងមួយឆ្នាំនៅឆ្នាំ២០២៥ ។
ក្រោមជំនួយផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់ខាងលើនេះ គម្រោងនេះមានគោលបំណងដោះស្រាយភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា ចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពដែលលើកកម្ពស់សមត្ថភាពបន្សុំា និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដោយផ្តោតលើកិច្ចសន្ទនា គោលនយោបាយ ការកសាងសមត្ថភាពថ្នាក់មូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គម្រោងនេះក៏ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម ដោយមានការវិភាគពីសមភាពយេនឌ័រ ពិការភាព និង បរិយាបន្នសង្គម ដែលនឹងជាមគ្គុទេសសម្រាប់សកម្មភាពគម្រោង។ សិក្ខាសាលាចាប់ផ្តើមគម្រោងនេះនឹងផ្តល់អាទិភាពលើ ការចែករំលែកព័ត៌មាន ការណែនាំ និង ការចូលរួមប្រកបដោយអត្ថន័យ ។ សិក្ខាសាលានេះ ចូលរួមពីដៃគូគម្រោង អ្នកពាក់ព័ន្ធសំខាន់ៗ អ្នកជំនាញ និងតំណាងមកពីស្ថានទូតអៀរឡង់។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងថា «ស្របតាមអាទិភាពរបស់រដ្ឋាភិបាលអៀរឡង់ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា CREFA នឹងចូលរួមចំណែកជាមួយរាជរដ្ឋាកម្ពុជាដើម្បីសម្រេចបានសមភាពយេនឌ័រ អនុវត្តសកម្មភាពអាកាសធាតុ អភិបាលកិច្ច អព្យាក្រឹតភាពកាបូន យុទ្ធសាស្ត្រចក្រា ផែនការអភិវឌ្ឍជាតិ ផែនការយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា គោលនយោបាយកំណើនបៃតង និង ការប្តេជ្ញាចិត្តអន្តរជាតិ។ ការប្រទាក់ក្រឡាគ្នាទាំងនេះ បង្ហាញពីសារៈសំខាន់នៃគម្រោងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»។
ជុំវិញបញ្ហានេះ លោក Seán Farrell អនុប្រធានបេសកកម្មនៅស្ថានទូតអៀរឡង់បានមានប្រសាសន៍ថា «ការគាំទ្រកម្មវិធីអាកាសធាតុគឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសអៀរឡង់។ រដ្ឋាភិបាលអៀរឡង់បានប្តេជ្ញាចិត្តក្នុងការបង្កើនទ្វេដងនូវហិរញ្ញវត្ថុអាកាសធាតុរបស់យើងជាសាកលដល់យ៉ាងហោចណាស់ ២២៥ លានអឺរ៉ូក្នុងមួយឆ្នាំនៅឆ្នាំ២០២៥ »។
លោក បន្តថា ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែផលប៉ះពាល់នោះមានភាពខុសគ្នា ។ ប្រជាជនក្រីក្របំផុតនៅលើពិភពលោកប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់បំផុត។ រដ្ឋាភិបាលអៀរឡង់ជឿជាក់ថា ជំនួយដល់ប្រជាជនដែលងាយរងគ្រោះបំផុតដែលប្រឈមមុខនឹងបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុពួកគាត់នឹងបានប្រសើរឡើង ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមកម្មវិធីនេះជាមួយអង្គការ អុកស្វាម និងអង្គការក្នុងស្រុកទាំងអស់នៅទីនេះនៅថ្ងៃនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះអាកាសធាតុនៅជាមួយប្រជាជាតិប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។”
ក្នុងសុន្ទរកថាចាប់ផ្តើមគម្រោងជាផ្លូវការ លោកស្រី ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន មានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយថា ‘ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា’ (CREFA) របស់អង្គការអុកស្វាម ដែលទទួលបានការគាំទ្រដ៏ពីស្ថានទូតអៀរឡង់ ក្រោមកិច្ចសហការជាមួយក្រសួង និងស្ថាប័នដៃគូផ្សេងៗទៀត។
លោកស្រី បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។
លោកស្រីបន្ថែម ក្រសួងបរិស្ថានមានកិត្តិយសក្នុងការផ្តល់នូវកិច្ចសហការ និងគាំទ្រ ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ។ ជាមួយគ្នានេះ លោកស្រី សង្ឃឹមជឿជាក់ថា CREFA នឹងជាចំណែកមួយជួយជំរុញ ការអនុវត្តយុទ្ធសាស្ត្រចក្រាដើម្បីសម្រេចគោលដៅខាងលើ ជាពិសេសជួយជំរុញការលើកកម្ពស់សមភាពយេនឌ័រ សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍ និងការរស់នៅប្រកបដោយចីរភាព។ CREFA ជាគំរូនៃសមាហរណកម្ម សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន នេះជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ។
លោក ម៉ម សម្បត្តិ ជានាយកប្រតិបត្តិនៃអង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូក្នុងសកម្មភាព បានបញ្ជាក់ថា «ខ្ញុំមានកិត្តិយសណាស់ដែលជាផ្នែកមួយនៃគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” ជាដៃគូអនុវត្តនៅក្នុងខេត្តព្រះវិហារ »។
លោក បន្ថែមថា៖« តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃគម្រោង CREFA យើងនឹងផ្តល់សិទ្ធិអំណាចដល់សហគមន៍ព្រៃឈើ និង តំបន់ការពារ ពង្រឹងសមត្ថភាពមូលដ្ឋាន និង បង្កើនភាពធន់សម្រាប់អនាគតដ៏រឹងមាំនៃប្រជាជនកម្ពុជាទាំងអស់ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការអុកស្វាម ស្ថានទូតអៀរឡង់ ក៏ដូចជាក្រសួង និង អាជ្ញាធរថ្នាក់ក្រោមជាតិ និងឃុំ សង្កាត់ ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្រ»។
ដៃគូសហការទាំង ៩ ស្ថាប័ន រួមមាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អង្គការការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព អង្គការការអភិវឌ្ឍន៍ជីវភាពកសិករ អង្គការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចជនបទ អង្គការអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថានកម្ពុជា ក្រុមហ៊ុន សូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី និងអង្គការក្រុមគាំទ្រភូមិ ព្រមទាំងស្ថាប័នរដ្ឋាភិបាល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ សហគមន៍ព្រៃឈើ និងតំបន់ការពារធម្មជាតិក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងប្រាសាទព្រះវិហារ ចូលរួមនៅក្នុងគម្រោងនេះផងដែរ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតក្នុងពិភពលោកទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយប្រទេសនេះ បានជួបប្រទះនឹងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះញឹកញាប់ និង ធ្ងន់ធ្ងរជាងមុន។ គ្រោះមហន្តរាយធម្មជាតិទាំងនេះបានបង្ហាញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងបានប៉ះពាល់ដល់សហគមន៍ក្រីក្រនៅតាមជនបទ និងទីក្រុងជាច្រើន ដែលធ្វើឲ្យពួកគេងាយរងគ្រោះ។
អង្គការអុកស្វាមបានគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសអស់រយៈពេលជាងបួនទសវត្សរ៍មក។ អង្គការនេះ នៅតែប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាជាពិសេសស្ត្រី យុវជន និងក្រុមដែលងាយរងគ្រោះផ្សេងទៀតតាមរយៈការបង្កើនភាពធន់ និងសមត្ថភាពពួកគេដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ ៕