ភ្នំពេញ៖ រដ្ឋសភាបានបង្ហាញលទ្ធផលការងារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺនៅចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលគិតពីថ្ងៃទីខែមករាដល់ខែមេសាឆ្នាំ២០២៤ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភាបានសម្រេចលទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមមុខងារសំខាន់ៗរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ មានដូចជាមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងពលរដ្ឋ ព្រមទំាងវិស័យការទូតសភា និងការងារជាច្រើនទៀត។
រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេច ឃួន សុដារី បានផ្តោតការយកចិត្តទុកដាក់ពង្រឹងពង្រីកវិស័យការទូតសភា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិនៅលើឆាកអន្តរជាតិ។ នៅក្នុងរយៈពេលបីខែមកន្លងមកនេះ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងអង្គការនានាចំនួន១២លើក។
នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា តែងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ ដោយបានប្រើប្រាស់យន្តការវិស័យការទូតសភានេះ សំដៅរឹតចំណងទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាមួយសមភាគីទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ការស្វែងរកការគំាទ្រដល់ការធ្វើទំនើបកម្មរដ្ឋសភារបស់យើងទៅជាសភាឌីជីថល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ បម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
កាលពីដើមខែមីនាឆ្នាំ២០២៤កន្លងមកនេះ សម្តេច ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារំាង និងបានចូលរួមកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាស្រ្តី លើកទី១ ដែលរដ្ឋសភាប្រទេសបារំាងធ្វើជាម្ចាស់ផ្ទះនិងមានវត្តមានប្រធានរដ្ឋសភាស្រ្តីចូលរួមចំនួន២៥ប្រទេស តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ ប្រធានរដ្ឋសភាបារាំង។
ដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកជំទាវប្រធានរដ្ឋសភា និងជួបសន្ទនាជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារំាង នៃសាធារណរដ្ឋបារាំង ដើម្បីបន្តពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អនិងជាប្រវត្តិសាស្រ្តកម្ពុជា-បារំាងឱ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត ជាពិសេសបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ក្រៅពីនេះ សម្តេច ឃួន សុដារី បានជួបពិភាក្សាការងារផ្លូវការនិងជួបសន្ទនាក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ដើម្បីពង្រឹង វិស័យការទូតសភា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសទំាងនោះឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ លើកកម្ពស់វិស័យការទូតសភាជាមួយ ប្រទេសនិងដៃគូជាមិត្តមកពីគ្រប់ទ្វីបក្នុងពិភពលោក។
នៅក្នុងខែមីនា កន្លងទៅថ្មីៗនេះ រដ្ឋសភាក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ផងដែរ។
ក្នុងរយៈពេលនេះដែរ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការបរទេសយ៉ាងសកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី សំដៅពង្រឹង ពង្រីក និងលើកកម្ពស់វិស័យការទូតសភា។ ការងារការទូតសភានេះជាកិច្ចការការបរទេសរបស់សភាមួយដ៏សំខាន់ ដែលបានរួមចំណែកដល់ការពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និងរដ្ឋាភិបាលនៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតបរទេសនានា ព្រមទាំងពង្រីក និងលើកកម្ពស់តួនាទីសភាកម្ពុជាក្នុងវេទិកាអន្តរសភានានា និងលើកកម្ពស់យន្តការពហុភាគី មានលក្ខណៈបើកចំហរ និងបរិយាប័ន្ន និងគោរពនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព “ នេះជាការបញ្ជាក់របស់រដ្ឋសភាកម្ពុជា៕