ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គ ប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។
ការចេញមុខណែនាំនេះ ធ្វើឡើងក្រោយពីសង្កេតឃើញថា ថ្មីនេះៗសង្កេតឃើញថានៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គឺ និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានណែនាំថា៖ «ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងជាពិសេសកាលពីពេលថ្មីៗនេះមានសិស្សជាង១០០នាក់ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់យកអប់រំធ្វើកិច្ចសន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត»។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ណែនាំអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀនចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូលរួមគោរពច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងស្នើសុំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានស្នើដល់ លោកនាយកសាលា គ្រឹះស្ថានសិក្សា និង អាណាព្យាបាល សូម ចូលរួមជួយ អប់រំទប់ស្កាត់ ជាមួយផងដែរ។
ទាក់ទិនឹងបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា កំហុសយុវជនបច្ចុប្បន្ន ជាកំហុសមនុស្សចាស់បច្ចុប្បន្ន ដែលត្រូវទទួលខុសត្រូវ ដោយមិនអាចប្រកែកបាន។ បើតាមលោកបណ្ឌិតយង់ ពៅ គឺមនុស្សចាស់មិនបាន អប់រំពួកគេ មិនបានផ្តល់ភាពជាគំរូ មិនបានតម្រង់ទិសពួកគេត្រឹមត្រូវ ប្រព័ន្ធឃោសនាការ មិនបានចូលរួម ឃោសនាអប់រំ ជាពិសេស សង្គម-នយោបាយ បានជះឥទ្ធិពល ដល់ពួកគេ។ល។ និង ។ល។
លោកបណ្ឌិតបន្ថែមថា៖«ក្រុមមនុស្សចាស់ សូមកុំមានតែពាក្យបន្ទោស ត្រូវចាប់ផ្តើមភ្ញាក់រឭក កែសម្រួលវិធីសាស្ត្រ កំណត់ចេញអភិក្រមអនុវត្តជាក់លាក់, និយាយងាយយល់ បើមើលឃើញកំហុស ត្រូវប្រាប់ពីរបៀបកែកំហុស និងប្រាប់ពីផ្លូវត្រូវ + ចូលរួមជាទង្វើជាក់ស្តែងទាំងអស់គ្នា»៕