លោក ខៀវ កាញារីទ្ធ ទទួលបានពានរង្វាន់ «ស្នាដៃពេញមួយជីវិត» ពីមហាសន្និបាត AIBD លើកទី២០

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ត្រូវបានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់ជូននូវពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់ «ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ ។

ក្នុងព្រឹត្តិការណ៏ ប្រារព្ធមហាសន្និបាត AIBD លើកទី២០ កាលពីចុងខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា កន្លងមកនេះ ពាន «ស្នាដៃពេញមួយជីវិត» ត្រូវបាន លោក ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាអ្នកតំណាងទទួល និងបាននាំយកពីប្រទេសឥណ្ឌា។

ពាន «ស្នាដៃពេញមួយជីវិត» បានប្រគល់ជូន លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ៕ដោយ៖សាន សៀងហៃ