ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាក្នុងទីផ្សារកម្ពុជា បន្តថយចុះមកនៅត្រឹម ៤២៥០រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និង៤៧០០ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ពោលគឺថយចុះ ១០០រៀល សម្រាប់សាំងធម្មតា និង១៥០រៀលសម្រាប់ម៉ាស៊ូត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនាព្រឹកថ្ងៃចន្ទទី០៣ ខែតុលានេះថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នឹងបន្តធ្លាក់ចុះមកនៅត្រឹម ៤ ២៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា ចំណែកឯតម្លៃប្រេងម៉ាស៊ូត ត្រូវលក់ត្រឹម ៤ ៧០០រៀលក្នុងមួយលីត្រ។
ការបន្តធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅក្នុងទីផ្សារកម្ពុជា នាពេលនេះ គឺដោយសារការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ និងផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ និងការបន្តជួយសម្រួលដល់ជីវភាពរបស់ប្រជាជន តាមរយៈការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នឹងចុះមកនៅ ៤ ២៥០រៀល/លីត្រ និង ៤ ៧០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឱ្យដឹងថា ការបន្តធ្លាក់ចុះនៃតម្លៃ ប្រេងសាំងក្នុងទីផ្សារកម្ពុជា គឺដោយសារការប្រែប្រួលតម្លៃប្រេងសកល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសអ្នកផលិតមានការកើនឡើង ដែលធ្វើឱ្យតម្លៃប្រកួតប្រជែងសកលមានការប្រែប្រួល ចំណែកតម្លៃដើមនៃការនាំចូលមកកាន់ទីផ្សារកម្ពុជាក៏មានការថយចុះ។
គួរបញ្ជាក់ដែរថា តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មុនពេលមិនទាន់មានកិច្ចអន្តរាគមបន្ថែមពីរាជរដ្ឋាភិបាល និងម្ចាស់អាជីវកម្មក្នុងវិស័យនេះ តម្លៃជាមធ្យមដែលនឹងត្រូវលក់មានតម្លៃ ៤ ៥១៧រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៤ ៩៦៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕ ដោយ៖ គង់ សេដ្ឋាមុនី