ថ្មីៗនេះ ផ្ទុះព័ត៌មានអំពីអតីតតារាសម្តែងម្នាក់ ដែលមានគេវេរលុយតាម ABA ច្រលំ ចំនួន១ម៉ឺន៤ពាន់ដុល្លារ។ ហើយគាត់បានវេរលុយទៅវិញ តែផ្អឹបទុកចំនួន៣០០$ ដោយដាក់ចំណាំថា ៣០០$ អាំងប៉ាវ ដើម្បីហេងៗ ទាំងអស់គ្នា។
តើទង្វើរនេះ ខុសច្បាប់ដែរឬទេ?
យើងមកមើលអំពី សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់។
ម្ចាស់ប្រាក់ មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រឡំ ឱ្យវេរត្រឡប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយ។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រឡំនោះ មិនសហការ ម្ចាស់ប្រាក់ត្រូវប្តឹងទៅធនាគារឱ្យបង្កកចំនួនទឹកប្រាក់ដែលបានវេរ ច្រឡំនោះ។
សិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភាន់ច្រឡំ។
មាត្រា ៧៣៦– ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ
ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។
មាត្រា ៧៣៧– ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត
១- បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថា គ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថា កិច្ចសន្យានោះពុំមានអានុភាព បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែលមាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។
២- បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះដែរ។
៣- បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។
អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រឡប់ទៅវិញនោះ ហើយអាចទាមទារបានបើខ្លួនបានចេញសោហ៊ុយចំណាយនោះ។
សម្រាប់ពេលវេលាវេរប្រាក់ត្រឡប់ទៅវិញ។ ដោយសារតែការវេរប្រាក់តាមApp បច្ចុប្បន្ន វេរបានលឿនរហ័សភ្លាមៗ ដូច្នេះ ពុំចាំបាច់ដល់២៤ម៉ោង ឬ៤៨ម៉ោងឡើយ។ បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រឹតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌ជីវិត។ តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រឡប់ទៅវិញបាន ដូចជា ករណីទូរស័ព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។
មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ។ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រឡប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយបាន។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុ ពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយនោះសម្រាប់ម្ចាស់សិទ្ធិដែលធ្វេសប្រហែសឡើយ។
តែករណីដែលវេរប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញនេះ ពុំមានការចំណាយអ្វីឡើយ។ ដូច្នេះអ្នកទទួលបានប្រាក់នោះ ដោយការភាន់ច្រឡំពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ។
ចុះចំនួនទឹកប្រាក់ដែលនៅសល់ចំនួន៣០០$ នោះ តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ ត្រូវស្នើសុំទៅធនាគារដើម្បីបង្កក និងធ្វើប្រតិបត្តិការយកប្រាក់នោះត្រឡប់មកវិញ ដោយចេញសោហ៊ុយចំណាយជាក់ស្តែង។
បើម្ចាស់ប្រាក់មិនព្រម ត្រូវរាយការណ៍ ឬប្តឹងទៅធនាគារឱ្យធ្វើប្រតិបត្តិការត្រឡប់មកវិញ។
ចុះបើប្រាក់នោះ អ្នកទទួលដោយការភាន់ច្រឡំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រឡំនោះសងមកវិញ។ យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភាន់ច្រឡំ អាចនឹងត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង។
ចុះបើសិនជាអ្នកទទួលបានប្រាក់ដោយការភាន់ច្រឡំដោយមូលហេតុនៃការរើសបាន តាមមាត្រា ១៩១– កម្មសិទ្ធិនៃវត្ថុបាត់
១- អ្នកដែលបានរើសវត្ថុដែលអ្នកដទៃបានបាត់ ប្រសិនបើដឹងកម្មសិទ្ធិករនៃវត្ថុនោះ ច្បាស់លាស់ ត្រូវប្រគល់វត្ថុនោះឱ្យកម្មសិទ្ធិករវិញ ហើយប្រសិនបើមិនដឹងកម្មសិទ្ធិករនៃវត្ថុនោះច្បាស់លាស់ទេ ត្រូវប្រគល់វត្ថុនោះជូនប្រធានប៉ុស្ដិ៍នគរបាល ក្នុងអំឡុងពេល៧ (ប្រាំពីរ) ថ្ងៃក្រោយពេលបានរើស។
២- ប្រធានប៉ុស្ដិ៍នគរបាល ត្រូវរក្សាទុកនូវវត្ថុរើសបាននោះ ហើយប្រកាសជាសាធារណៈ ហើយប្រសិនបើមិនឃើញមានកម្មសិទ្ធិករក្នុងអំឡុង៦(ប្រាំមួយ) ខែ ទេ អ្នករើសត្រូវធ្វើលទ្ធកម្ម កម្មសិទ្ធិលើវត្ថុនោះ។ ប៉ុន្ដែ ប្រសិនបើអ្នករើស មិនបានប្រគល់ជូនទៅប្រធានប៉ុស្ដិ៍នគរបាល ក្នុងអំឡុងពេល៧ (ប្រាំពីរ) ថ្ងៃ ក្រោយពេលបានរើសទេ អ្នករើសនេះ មិនអាចធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុបានទេ ហើយវត្ថុនោះត្រូវធ្លាក់ទៅជាកម្មសិទ្ធិរបស់រដ្ឋ។ បញ្ញតិ្ដនេះត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលអ្នករើសមិនមកយកវត្ថុរើស ក្នុងអំឡុងពេល២ (ពីរ) ខែ ក្រោយពេលខ្លួនបានធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុនោះ។
៣- ប្រសិនបើវត្ថុរើសបាននោះជាវត្ថុដែលមិនអាចទុកយូរបាន ប្រធានប៉ុស្ដិ៍នគរបាល អាចលក់វត្ថុនោះ ហើយរក្សាទុកនូវប្រាក់លក់នោះបាន។ ការចាត់ចែងប្រាក់លក់នេះ ត្រូវធ្វើដូចគ្នានឹងការចាត់ចែងវត្ថុរើស។
៤- ក្នុងករណីដែលវត្ថុរើសត្រូវបានប្រគល់ឱ្យកម្មសិទ្ធិករវិញ កម្មសិទ្ធិករត្រូវផ្ដល់ប្រាក់រង្វាន់ទៅអ្នករើសពី៥ (ប្រាំ) ភាគរយ ទៅ២០ (ម្ភៃ) ភាគរយ នៃតម្លៃវត្ថុនោះ។ អ្នករើសត្រូវបាត់បង់សិទ្ធិទាមទារប្រាក់រង្វាន់នេះ ប្រសិនបើអ្នកនោះមិនទាមទារក្នុងអំឡុងពេល១ (មួយ) ខែ ក្រោយពេលកម្មសិទ្ធិករបានទទួលយកវត្ថុនោះ។
ហើយអ្នកទទួលប្រាក់នោះ ស្នើសុំទាមទារប្រាក់រង្វាន់ពី៥% ទៅ២០% តើម្ចាស់ប្រាក់ អាចបដិសេធបានទេ?
ត្រង់ចំណុចនេះ អ្នកទទួលប្រាក់ដោយការភាន់ច្រឡំ ពុំអាចស្នើសុំបានឡើយ ព្រោះប្រាក់ក្នុងគណនី ពុំមែនជាសាច់ប្រាក់ដែលរើសបានតាមទីសាធារណៈឡើយ ដែលខ្លួនត្រូវចំណាយពេលរើស និងថែរក្សាវត្ថុនោះ។ ប្រាក់រង្វាន់ គឺផ្តល់ជូនដោយសារអ្នកនោះ សុចរិត រើសបាន ថែរក្សា និងប្រកាសរកម្ចាស់កម្មសិទ្ធិ។
ដូចបានរៀបរាប់ខាងលើ បើអ្នកទទួលបានប្រាក់ដោយការភាន់ច្រឡំនោះ វេរត្រលប់ទៅវិញ ដោយចំណាយសោហ៊ុយ អ្នកនោះអាចទាមទារសោហ៊ុយចំណាយនោះពីម្ចាស់ប្រាក់បាន។
បន្ថែមពីលើនេះ តើអ្វី ជាសិទ្ធិនិងកាតព្វកិច្ចរបស់ធនាគារ ត្រូវធ្វើចំពោះម្ចាស់ប្រាក់ និងអ្នកទទួលប្រាក់ដោយការភាន់ច្រឡំ ហើយមិនសហការ វេរត្រឡប់ទៅម្ចាស់ប្រាក់វិញ យើងខ្ញុំនឹងលើកយកមកជម្រាប នៅលេខក្រោយទៀត។
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២
សិទ្ធិ និងកាតព្វកិច្ចរបស់ធនាគារ ចំពោះម្ចាស់ប្រាក់ដែលវេរច្រឡំ និងអ្នកទទួលប្រាក់ដោយការភាន់ច្រឡំការផ្តល់សេវាធនាគារ ដល់អតិថិជន មាន២របៀប គឺការផ្តល់សេវា ដោយមិនគិតប្រាក់ និងការផ្តល់សេវដោយគិតជាប្រាក់។
ការផ្តល់សេវាមិនគិតប្រាក់ ទៅតាមគោលការណ៍ លក្ខន្តិកៈ វិធានផ្ទៃក្នុង និងច្បាប់ជាដើម ដូចជា ការបើកគណនី ការដកប្រាក់តាម ទូអេធីអឹម និងសេវាផ្សេងៗទៀត។
ការផ្តល់សេវាគិតប្រាក់ ទៅតាមគោលការណ៍ លក្ខន្តិកៈ វិធានផ្ទៃក្នុង និងច្បាប់ជាដើម ដូចជា ការប្រើមូលប្បទានបត្រ ការបើកគណនីឥណទានជាដើម ដោយក្នុងនោះ មានទាំងការដកប្រាក់ ដែលម្ចាស់ប្រាក់បានវេរច្រឡំទៅគណនីណាមួយ រួចម្ចាស់ប្រាក់ស្នើបង្កកចំនួនទឹកប្រាក់ដែលវេរច្រឡំនោះ។
យោងតាមការសាកសួរទៅធនាគារ ABA ការស្នើដកប្រាក់បង្កក ត្រូវបង់សេវារដ្ឋបាលម្តង ៥០$ ទោះបីជាប្រាក់បង្កកនោះមានចំនួនប៉ុន្មានក៏ដោយ។ ទោះបីជាពេលក្រោយពីការស្នើបង្កកនោះអនុម័តហើយ បើក្រោយមកអ្នកទទួលប្រាក់ដែលវេរច្រឡំនោះសហការ បំពេញឯកសារផ្ទេរទៅវិញដោយស្ម័គ្រចិត្តក៏ដោយ ក៏ធនាគារនៅតែទាមទារឱ្យអ្នកស្នើបង់កម្រៃសេវាចំនួន៥០$ដដែល។
ខ្ញុំធ្លាប់បានសាកសួរដែរ ថាតើហេតុអ្វីបានជាធនាគារយកកម្រៃសេវាដល់ទៅ៥០$? តើធនាគារ បានបំពេញកាតព្វកិច្ចអ្វីខ្លះ ដើម្បីដកធ្វើប្រតិបត្តិការប្រាក់នោះត្រលប់មកវិញ? តើប្រតិបត្តិការនោះ ត្រូវចំណាយអស់ប៉ុន្មាន? ហើយចុងក្រោយសួរថា តើប្រតិបត្តិការនោះ ជាប្រតិបត្តិការដោយយកកម្រៃសេវា ឬជាសេវាធនាគារដែលមិនគិតកម្រៃ? តើសេវាគិតកម្រៃ ត្រូវតែមានការយល់ព្រមពីអតិថិជនជាមុន ឬមិនចាំបាច់ទេ? តើមានលក្ខខណ្ឌអ្វីខ្លះ ដែលធនាគារ ត្រូវគិតកម្រៃសេវា បន្ថែមពីលើសេវាកម្មរបស់ខ្លួន?
ប្រភព៖ NTK1