ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីនេះ អាជ្ញាធរខេត្តព្រះវិហារ និង មន្ត្រីមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទទួលបន្ទុកការពារ អភិរក្សឧទ្យាន តេជោ សែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានបើកកិច្ចពិភាក្សាជាផ្លែផ្កាមួយសម្រាប់យកទៅអនុវត្តក្នុងការការពារ ព្រៃឈើ និង សត្វព្រៃឱ្យបានគង់វង្ស។
ជំនួបរវាង លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារថ្មី និងលោក ឡង់ សុបិន អភិបាលស្រុកឆែបថ្មី បានពិភាក្សាគ្នាជាលើកដំបូងលើការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានតេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២។
ឆ្លើយនឹងសំនួរ អ្នកសារព័ត៌មានខ្មែរឈានមុខ តាមតេឡេក្រាម នៅថ្ងៃទី២ខែតុលា ឆ្នាំ២០២២ លោក សូត្រ សំណាង ប្រធានឧទ្យាន តេជោ សែន ឫស្សីត្រឹប បានឱ្យដឹងថា ក្នុងជំនួបនោះ ទទួលបានការឯកភាពគ្នាច្រើន ហើយ លោក គីម រិទ្ធី បានធ្វើការណែនាំភ្លាមៗទៅកាន់កងកម្លាំងទាំង៣ (កងរាជអាវុធហត្ថ នគរបាល និងយោធា) ឱ្យចូលរួមទប់ស្កាត់បទល្មើសក្នុង ឧទ្យាន តេជោ សែន ឫស្សីត្រឹប។
ជាមួយគ្នានេះ លោក ឡង់ សុបិន អភិបាលស្រុកឆែបថ្មី ក៏បង្ហាញពីការប្តេជ្ញាចិត្តក្នុងការទប់ស្ដាត់បទល្មើសឱ្យទាន់ពេលវេលាផងដែរ។
អាជ្ញាធរ និង មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានជជែកគ្នាច្រើនទៅលើ សកម្មភាពទប់ស្ដាត់បទល្មើសផ្សេងៗពាក់ព័ន្ធនឹងធនធានធម្មជាតិ និងជាពិសេសការកាប់បំផ្លាញ់ដើមឈើ និងការរុករានទន្រ្ទានដីថ្មី ធ្វើជាកម្មសិទ្ធិ (ដីស្រែ ដីចម្ការ)។
ថ្មីៗនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារខ្លីមួយក្នុងហ្វេសប៊ុករបស់លោកថា«ការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទោះបីជានៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាននៅតែដើរល្បាតព្រៃឧទ្យាននេះ។អ្នករកស៊ីកាប់យប់ដឹកថ្ងៃ មានគ្រប់រូបភាព តែយើងបានបន្តស្ទាក់ចាប់បាន»។
ហ្វេសប៊ុករបស់ លោក សុខ ទូច បន្តថា«កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ យើងបានទទួលស្វាគមន៍ឯកឧត្ដម គីម រិទ្ធី អភិបាលថ្មីនៃគណៈអភិបាលខេត្តព្រះវិហារ និងអភិបាលថ្មីនៃគណៈអភិបាលស្រុកឆែប ដើម្បីបន្តរៀបចំដំណើរការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹបនាពេលខាងមុខនេះ»។
ក្នុងនាមជាប្រធានឧទ្យាន លោក សូត្រ សំណាង បានអះអាងថា លោកនឹងរៀបចំកិច្ចប្រជុំដើម្បីធ្វើជារបាយការណ៍ ឬធ្វើបទបង្ហាញយ៉ាងទូលំទូលាយអំពីការងារអភិរក្ស និងការងារអភិវឌ្ឍន៍ និងជាពិសេស សង្កត់ធ្ងន់ទៅលើការងារទប់ស្កាត់បទល្មើសព្រៃឈើ។
បន្ថែមពីនេះលោកប្រធានឧទ្យាន ក៏គ្រោងនឹងលើកឡើងអំពីការកែសម្រួលទីតាំងដី ដែលប្រជាពលរដ្ឋចូលមករស់នៅដោយខុសច្បាប់ចំនួន ៣១គ្រួរសារ ហើយក្នុងអាណត្ដិទី៦ ថ្នាក់ដឹកនាំស្រុកបានជួយសម្រួលបញ្ជួនចំនួន ១៦គ្រួសាររួចមកហើយ នៅសល់តែចំនួន ១៥គ្រួសារទៀត ដែលនឹងកំពុងជម្រុញការដោះស្រាយបញ្ចប់ក្នុងអាណត្ដិ បន្ដរបស់ លោកអភិបាលស្រុកថ្មីនេះ។
លោក សូត្រ សំណាង បានលើកឡើងថា ដីបម្រុងសម្រាប់បងប្អូន ដែលរើសចេញពីឧទ្យានទៅរស់នៅទីតាំងថ្មីនោះ គឺមានជាប់នឹងភូមិចាស់ មានវត្ដអារាម សាលារៀន អណ្ដូងទឹក និងមានដាំកូនឈើតាមដងផ្លូវ ដែលមានផ្ទៃដីទទឹងទំហំ ៣០ ម៉ែត្រ បណ្ដោយ ៥០ ម៉ែត្រ នឹងបានរៀបជាហេដ្ឋានរចនាសម្ព័ន្ធរស់នៅស្រាប់។
លោកប្រធានឧទ្យានរូបនេះបានបន្ដថា មូលហេតុដែលរាជបណ្ឌិត្យសភាកម្ពុជា មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅក្នុងឧទ្យាន រួមមាន៖ ទី១.ជាការរស់នៅខុសច្បាប់ ២.កន្លងមកពលរដ្ឋរស់នៅក្នុងឧទ្យានេះ គឺមានគ្រួសារខ្លះធ្វើជាភ្នាក់ងារចែកចាយការទិញដូរឈើខុសច្បាប់ ហើយកម្លាំងការពារក្នុងឧទ្យានក៏មានចំនួនតិច មិនអាចទៅជិត ពួកគាត់បានគ្រប់ពេលវេលា អ៊ីចឹង នាំឱ្យផ្ទះខ្លះជាកន្លែងប្រព្រឹត្តបទល្មើសតែម្ដង ហើយក៏ចួលរួមបរបាញ់សត្វព្រៃដោយខុសច្បាប់ដែរ ដែលជាការជួបប្រទះជាក់ស្ដែង និងបានធ្វើរបាយការណ៍ទៅស្រុកជាច្រើនកន្លងមកផងដែរ។
សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕
ដោយ៖ ឆឹម ទិត