ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញជំនឿ ថា ការពិភាក្សាជាមួយប្រធានាធិបតីបារំាង លោក Emmanuel Macron នឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំ មកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។
ការបង្ហាញជំនឿរបស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈសារលិខិត ផ្ញើជូន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង តបតាមលិខិតអញ្ជេីញរបស់លោក ប្រធានាធិបតីកន្លងទៅ។
ក្នុងលិខិតរបស់សម្តេច ហ៊ុន ម៉ាណែតសរសេរថា៖«ខ្ញុំសូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ នេះជា កិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ»។
សម្តេច ហ៊ុន ម៉ាណែតបន្តថា៖«ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីសនាពេលថ្មីៗកន្លងទៅនេះ បាន បង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់ខ្ញុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក»។
សម្តច បន្ថែមថា៖«ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌របស់យើង និង ការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីរបស់យើង»។
ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត ជឿជាក់ថា ការពិភាក្សារបស់យើងនឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំ មកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូរបស់យើង សម្រាប់ ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ៕