ភ្នំពេញ៖ បន្ទាប់ពីមានការិះគន់ពីក្រុមប្រឆាំងមួយចំនួន ថា រាជរដ្ឋាភិបាល យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាព និងដាក់ជាថ្ងៃបុណ្យជាតិ សម្រាប់ថ្ងៃឈប់សម្រាក គឺដើម្បីតែត្រកូលហ៊ុននោះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបវិញថា ទិវាសន្តិភាពដើម្បីកម្ពុជា គឺជាផលសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិទាំងមូល។
សម្ដេច មានប្រសាសន៍ បន្តថា «មានអ្នកខ្លះចេញមករិះគន់ថា ថ្ងៃហ្នឹង ដាក់ថ្ងៃបុណ្យជាតិថ្ងៃឈប់សម្រាកគឺដើម្បីតែត្រកូលហ៊ុន ខ្ញុំសូមប្រាប់ !ខ្ញុំអត់បដិសេធថា ត្រូកូលហ៊ុន ក៏ស្វាគមន៍ សន្តិភាពដែរ អញ្ចឹងទិវាសិន្តិភាពហ្នឹង ជាទិវាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាមក្នុងនោះមានត្រកូលហ៊ុន មួយដែរ។ តែមិនមែនសម្រាប់ផ្ដាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនយើងទូទាំងប្រទេស ចឹងទិវាសន្តិភាពដើម្បីកម្ពុជា នៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ន និងទៅអនាគត សម្រាប់កូនចៅយើងគ្រប់គ្នា»។
ជាមួយគ្នា នោះ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ទិវាសិន្តិភាពគឺជាទិវា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចង់ចាំទាំងអស់គ្នា ហើយការយកថ្ងៃទិវានេះ សម្រាប់ការឈប់សម្រាក ជាការរំលឹកដឹងគុណ និងអបអរសាទរផងដែរ។
|លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសមួយ ត្រូវការឯករាជ្យអធិបតេយ្យភាព ត្រូវការរស់រានមានជីវិត ដោយសិទ្ធិសេរីភាព ហើយត្រូវការរស់នៅដោយសុខសន្តិភាព និងការអភិវឌ្ឍជាដើម។
ជាងនេះទៀត សម្ដេចបន្ថែមថា ឥលូវនេះកម្ពុជា បានរស់នៅក្នុងអធិបតេយ្យភាព និងឯករាជ្យភាព ដោយមានថ្ងៃ៩វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជា ទទួលបានឯករាជ្យ ដូច្នេះកូនចៅជំនាន់ក្រោយ ត្រូវនាំគ្នាចូលរួមថែរក្សា ឯករាជ្យជាតិ កុំឱ្យបាត់បង់៕