សម្តេច ហ៊ុន ម៉ាណែត នឹងដាក់ចេញកម្មវិធីគោលនយោបាយថ្មីមួយជំរុញការអភិវឌ្ឍ និងដោះស្រាយបញ្ហាជាប់គាំងនៅខេត្តព្រះសីហនុ

កោះកុង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីគោលនយោបាយថ្មីមួយដែលជំរុញការអភិវឌ្ឍ និងដោះស្រាយបញ្ហាជាប់គាំងនៅខេត្តព្រះសីហនុ ដោយគ្រោងប្រកាសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីប្រែក្លាយខេត្តនេះ ទៅជាក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍, មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ,  និងតំបន់ឧស្សាហកម្ម។

ថ្លែងនៅក្នុងពិធីសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅកោះកុងនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«កាលពីខែ១១ (ឆ្នាំ២០២៣) ខ្ញុំបានដាក់ជំរុញទេសចរណ៍ខេត្តសៀមរាប ឥឡូវថ្ងៃ២៥នេះ ២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន រឿងសំណង់មួយចំនួន ហើយលើកទឹកចិត្តបងប្អូនមួយចំនួន»។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ភាពជាប់គាំងទាំងនោះបណ្តាលមកពីបញ្ហា​ប្រឈមចំនួន៥​ ដែលនាំឱ្យការដោះ​ស្រាយ​អូសបន្លាយរយៈពេលយូរ។ បញ្ហាទាំងអស់នោះរួមមាន ៖ ១ -វិវាទរវាងម្ចាស់អគារ និងម្ចាស់ដី, ២-សំណង់ភាគច្រើនគ្មានលិខិតអនុញ្ញាតសាងសង់ ដែលធ្វើឱ្យខ្វះការត្រួត​ពិនិត្យ​គុណភាពសំណង់, ៣- តម្លៃអចលនទ្រព្យខ្ពស់ , ៤-ការបង់ពន្ធច្រើន និងទី៥-កង្វះទុនវិនិយោគបន្ថែមសម្រាប់បន្តការសាងសង់ និងអនុវត្តគម្រោង។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ក្នុងខែមីនា ឆ្នាំ២០២៣ តាមរយៈនេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍២៖*ទី១៖ ឲ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និង *ទី២៖ ឲ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច។

ជាមួយគ្នានោះ ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គទ្ទេសក៌ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដែលតាមនេះ រាជរដ្ឋាភិបាលផ្តោតអាទិភាព លើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ-បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍, មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ, តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឲ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ។

បើតាម លោក  ហ៊ាន សាហ៊ីប ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង ១,០០០លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា «វិធានការជាកញ្ចប់» ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទះខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការ ទាក់ទាញវិនិយោគិន និង ភ្ញៀវទេសចរ, ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា, និង ការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់-រវើកឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ខេត្តព្រះសីហនុ មានគម្រោងសាងសង់សរុប ៩៦៥ ស្មើ ១០៦៩ អគារ។ គម្រោងផ្អាកសាងសង់មានចំនួន ៣៤១ ស្មើ ​៣៦៤ អគារ កំពុងដំណើរការសាងសង់ ២៩ គម្រោង ស្មើ៥៣អគារ សាងសង់រួចតែមិនដំណើរការមាន ១៦១ គម្រោងស្មើ ១៧៧អគារ សាងសង់រួចកំពុងដំណើរការមាន ៤៣៤ គម្រោងស្មើ ៤៧៥ អគារ៕