ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះអំពើល្មើស នឹងការគ្រប់គ្រងសំរាម សំណល់រឹងក្នុងទីប្រជុំជន នៅរាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹង បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមក រដ្ឋបាល រាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីណែនាំលេខ ០២៥/២១ សណន.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការ គ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដែលបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការ បញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម៖
១- សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រឹតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
២- ត្រូវភ័ញែកសំរាម សំណល់រឹង ជា ០២ ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា៖
សំរាមសើម ៖ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ។ល។ ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ
សំរាមស្ងួត ៖ ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប ។ល។ ត្រូវដាក់ ក្នុងថង់ពណ៌ស។
៣- ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយ នឹងសំរាមសើម និងសំរាមស្ងួត។
៤- ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។
៥- ក្រុមតម្រូវ៖ មានដូចជា ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារ ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកំសាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានក្នុងបុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួនឯងជាចាំបាច់។
៦- ក្រុមលើកទឹកចិត្ត៖ មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន…. អាចមាន ០២ ប្រភេទ៖ ទី១ មានធុងសំរាមខ្លួនឯងស្រាប់ និងទី២ ធុងសំរាមដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។
៧- ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ (ទីតាំងទុកដាក់ សំរាមនឹងត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម តាមការជាក់ស្តែង)។
៨- ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុត សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រសហគ្រាស និងប្រជាពលរដ្ឋភាគច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំខាងលើ ក៏ប៉ុន្តែ នៅមានមួយចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។
ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បកចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ស្ដីពីទោសបញ្ញត្តិនៃអំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់៕