ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ រយៈពេល ៣ថ្ងៃ នាខែវិច្ឆិកាខាងមុខនេះ អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ ២០២២។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានឱ្យដឹងថា ក្រសួងនឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022៖ CTX 2022) ចាប់ពីថ្ងៃទី ១១ រហូរដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និង Factory Phnom Penh។
សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងបន្តថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើង អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី ១ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណងបង្កើតថ្នាល់បច្ចេកវិទ្យាថ្នាក់ជាតិ។
ចំពោះគោលបំណងទាំងនោះរួមមាន កៀរគរសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្ដមានុវត្តន៍ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហម្មជំនាន់ទី ៤, បង្ហាញអំពីវឌ្ឍនភាព គោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត ជាពិសេសផលិតផល និងសេវាបច្ចេកវិទ្យានានា, ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ី ប្រកបដោយអំណោយផល និងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគ ក្នុងវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា,អភិវឌ្ឍបណ្ដាញអាជីវកម្ម រវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងវិនិយោគ, ចាប់យកសក្ដានុពល នៃវិទ្យាវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍រួម ជាដើម។
តាមគម្រោង លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាអធិបតីបើកសម្ពោធជាផ្លូវការ នូវពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ កម្មវិធីនេះ ក៏នឹងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនាជាតិ និងអន្តរជាតិ វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជនជាតិ និងអន្តរផងដែរ។
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្ដល់ចំណាប់អារម្មណ៍ថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ គឺជាកម្មវិធីដែលរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីសក្ដានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូជាដើម្បីបង្ហាញបណ្ដាញទំនាក់ទំនង និងទាញចំណាប់អារម្មណ៍អ្នកវិនិយោគខាងក្រៅប្រទេស ឱ្យងាកសម្លឹងមកកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផងដែរ៕
ដោយ៖ ឆែម ពិសិដ្ឋ