គ.ជ.ប ឯកភាពឱ្យផ្សព្វផ្សាយស្ប៉តវីដេអូអប់រំ ៥រឿង និងវីដេអូចម្រៀងកាយវិការ ៣បទ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២នេះបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ សម្រេចលើស្ប៉តវីដេអូអប់រំចំនួន ៥រឿង និងវីដេអូចម្រៀងកាយវិការចំនួន ៣បទ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២។

បន្ទាប់ពីបានពិនិត្យវីដេអូ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលខ្លឹមសារមួយចំនួន ហើយបានឯកភាពជាគោលការណ៍ឱ្យផ្សព្វផ្សាយតាមដំណាក់កាលស្របតាមប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២។ ចំណងជើងវីដេអូ ដែលនឹងត្រូវផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គមទាំងនោះរួមមាន៖
១. ស្ប៉តវីដេអូអប់រំ៖
– រឿងទី១ “យុវជនឆ្លាតវៃ ចុះឈ្មោះបោះឆ្នោត”
– រឿងទី២ “មើលឈ្មោះហើយឬនៅ?”
– រឿងទី៣ “ការផ្ទេរឈ្មោះបោះឆ្នោតទៅឃុំ សង្កាត់ថ្មី”
– រឿងទី៤ “បញ្ជីបោះឆ្នោតដំបូងបិទផ្សាយហើយ”
– រឿងទី៥ “ឯកសារសម្រាប់ផ្ទៀងផ្ទាត់ជាមួយបញ្ជីបោះឆ្នោតដំបូង”។
២. ចម្រៀងកាយវិការ៖
– បទចម្រៀងទី១ “សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១”
– បទចម្រៀងទី២ “ហេតុអ្វីត្រូវចុះឈ្មោះបោះឆ្នោត? ”
– បទចម្រៀងទី៣ “បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បិទផ្សាយហើយ“។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ៕ ដោយ៖ ឆែម ពិសិដ្ឋ