អ្នកនាំពាក្យព្រឹទ្ធសភា៖ សម្តេចប្រធានព្រឹទ្ធសភា តែងណែនាំឱ្យសមាជិកអចិន្ត្រៃយ៍ និង ប្រធានភូមិភាគ ចុះពិនិត្យឱ្យដល់ខ្នងផ្ទះពលរដ្ឋរងគ្រោះ

ភ្នំពេញ៖ ខណៈខេត្តក្រុងស្ទើទូទាំងប្រទេសកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានណែនាំឱ្យសមាជិកអចិន្ត្រៃយ៍ និង ប្រធានភូមិភាគនៃព្រឹទ្ធសភា ចុះទៅតាមមូលដ្ឋានផ្ទាល់ ដើម្បីឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយកត្តាធម្មជាតិជាដើម។
បើតាម លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភាថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤នៅព្រឹទ្ធសភានាព្រឹកថ្ងៃទី១១តុលានេះ សម្ដេចប្រធានព្រឹទ្ធសភាតែងគិតគូរដល់សុខទុក្ខពលរដ្ឋជានិច្ចនិងបានជំរុញ«សមាជិកអចិន្ត្រៃយ៍ និងប្រធានភូមិភាគព្រឹទ្ធសភា ចុះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាខ្យល់កន្ត្រាក់ធ្វើឱ្យរលំផ្ទះ ធ្វើឱ្យខាតបង់ ដល់ការធ្វើកិសកម្ម ស្រែ ចម្ការផ្សេងៗ»។


ការជំរុញ សមាជិកអចិន្ត្រៃយ៍ និងប្រធានភូមិភាគព្រឹទ្ធសភាទាំង៨ភូមិភាគនេះ ត្រូវបានសម្តេចប្រធានព្រឹទ្ធសភា បញ្ជាក់ថា ជាការយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋឱ្យដល់ខ្នងផ្ទះ ហើយជាឱកាសគាំទ្រនិងផ្ដល់ជំនួយខ្វះខាតដល់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា សម័យប្រជុំលើកទី៩ព្រឹទ្ធសភាព្រឹកនេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕
ដោយ៖ គង់ សេដ្ឋាមុនី