សម្ដេចតេជោ ៖ ភាពស្អាតស្អំរបស់ខ្ញុំទទួលបានហើយ , ខ្ញុំមិនប្តឹងទៅឧទ្ធរណ៍នៅបារាំងទេ តែបើសមរង្ស៊ីប្តឹង ខ្ញុំកំដរបាន

ភ្នំពេញ ៖ រឿងក្តីក្តាំងនៅតុលាការប្រទេសបារាំងរវាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអមដោយលោកឌី វិជ្ជា ជាកូនប្រសារ ជាមួយលោក សម រង្ស៊ីត្រូវបានប្រកាសហើយថា សម្តេចមិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា ដូចការចោទប្រកាន់របស់លោក សម រង្ស៉ី នោះទេ។

សម្រាប់លទ្ធផលជាទីគាប់ចិត្តនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសជាសាធារណៈថា មិនបន្តប្តឹងទៅសាលាឧទ្ធរណ៍នៅបារាំង ដើម្បីប្រឆាំងលោក សម រង្ស៊ីនោះទេ ក្រោយពីតុលាការបារាំង ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនចំពោះសម្តេច តែបើបុគ្គលសម រង្ស៊ីចង់បន្តលេងទៅដល់ឧទ្ធរណ៍ទៀត សម្តេចកំដរបានគ្រប់ពេលអត់បញ្ហា។ ក្រោយការប្រកាសសាលក្រមរបស់តុលាការបារាំង នេះ លោក សម រង្ស៊ីក៏បានប្រកាសពីភាពឈ្នះរបស់លោកដែរ ។

សម្តេចតេជោ បានថ្លែងចេញពីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ថា បើសិនលោក សម រង្ស៊ី ចង់បន្ដប្តឹងទៅសាលាឧទ្ធរណ៍បារាំងទៀតនោះ សម្តេចអាចតាមកំដររហូតដល់ទីបញ្ចប់បានផងដែរ។

តែសម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ ត្រូវការភាពស្អាតស្អំតែប៉ុណ្ណឹង ឥឡូវភាពស្អាតស្អំរបស់ខ្ញុំទទួលបានហើយ។ ខ្ញុំ ប្រកាសចេញពីទីនេះ ខ្ញុំក្នុងនាមជាដើមបណ្ដឹងដែលមានសិទ្ធចុះហត្ថលេខាឱ្យមេធាវី ខ្ញុំសម្រេចចិត្តមិនប្ដឹងឧទ្ធរណ៍ទេ ព្រោះខ្ញុំបានទទួលការ ពេញចិត្តទៅលើការបកស្រាយថា ខ្ញុំគ្មានពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់របស់មនុស្សចង្រៃនោះទេ (សម រង្ស៊ី)។ ប៉ុន្ដែក្នុងករណីអ្នកឯង (សម រង្ស៊ី) ប្ដឹងឧទ្ធរណ៍ ខ្ញុំនឹងកំដរលេងជាមួយអ្នកឯងដល់ទីបញ្ចប់ បើអ្នកមិនសុខចិត្ត»។

សម្ដេចតេជោ បានថ្លែងការអរគុណតុលាការបារាំង បានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ក្នុងពេលសម រង្ស៊ី តែតែងចាត់ទុកថាជាតុលាការឯករាជ្យ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឱ្យដឹងទៀតថា សាលក្រមរបស់តុលាការបារាំងពេលនេះ ជាការសម្អាតខ្លួនរបស់សម្តេច ជុំវិញការចោទប្រកាន់របស់លោក សម រង្ស៊ី និងជាភាពជោគជ័យក្នុងចិត្តគឺជោគជ័យមិនបាច់សង១អឺរ៉ូ។

គួរឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជាដែលត្រូវជាកូនលោក ហុក ឡង់ឌី បច្ចុប្បន្នជាកូនប្រសារសម្តេចតេជោ តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បាន ដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គលសម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។ ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារ បំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ជាអ្នកនៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជាកាលពីអំឡុងឆ្នាំ២០០៨៕ ដោយ៖ រិន ចំរើន