ភ្នំពេញ ៖ ប្រតិកម្មតបទៅក្រុមប្រឆាំងដែលចាំតែទើស រាល់សកម្មរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផ្ទាល់ ជាពិសេសលើការថតខ្សែភាពយន្តជីវិតក្មេងវត្ត ស្តីពីជី វិតពិតរបស់សម្តេចថា មានការចំណាយថវិកាជាតិនោះ សម្តេចបានបញ្ជាក់ត្រឡប់ទៅកាន់ ពួកគេថា គ្មានបានប៉ះពាល់ថវិកាជាតិសូម្បីតែមួយសេន។
ដំណើរការថតសាច់រឿងជីវិតក្មេងវត្តបានចាប់ផ្តើមកាលពី ប៉ុន្មានខែមុន បានត្រៀមបម្រុងថវិកាចំនួន៦លានដុល្លារ សម្រាប់បញ្ចប់ដែលការទទួលថតរឿងទាំងមូល ខាងទូរទស្សន៍បាយ័ន ជាអ្នករ៉ាប់រងដែលមកដល់ពេលនេះថតបានជាប្រមាណ៣០ភាគរយហើយ។
បន្ទាប់ពីមានការរិះគន់ ឥតសំចៃមាត់ ពីសំណាក់ក្រុមប្រឆាំង លើការតាក់តែងនិពន្ធ នូវកម្រងវីដេអូនិងខ្លឹមសារសាច់រឿង «ជីវិតក្មេងវត្ត» នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានតបថា ចម្រៀងនិងរឿង «ជីវិតក្មេងវត្ត»នេះ សម្ដេចបាននិពន្ធតាំងពីឆ្នាំ១៩៩៥ ឬ១៩៩៦នោះ ហើយត្រូវបានគេថតច្រើនមកហើយ។
សម្ដេចថា ឥឡូវនេះ និស្សិតរាប់ពាន់នាក់កំពុងស្នាក់នៅតាមទីអារាម ដូច្នេះរឿងនិងចម្រៀង«ជីវិតក្មេងវត្ត»នេះ ត្រូវមនុស្សច្រើនរាប់ទាំងព្រះសង្ឃ ប៊ុត ប៊ុនតេញ ដែលសម្ដេចដាក់រហ័សនាមឱ្យថា “អាខ្មៅ”។
សម្តេចនាយករដ្ឋមន្រ្តីថា បើអ្នកឯងចង់មើលក៏ មើលទៅ បើមិនមើលក៏បិទទូរទស្សន៍ចោលទៅ ប៉ុន្តែនេះបង្ហាញថា ពួកឯងក៏មើលដែរ ទើបចេះតែទើសគ្រប់រឿងបែបនេះ។
សម្ដេចបន្តថា រឿងនេះថតបានប្រមាណ៣០%ហើយ ចំណាយអស់ ២លាន ៥សែនដុល្លារ ហើយខាងទូរទស្សន៍បាយ័ន គេមានមធ្យោយបាយរបស់គេ ដោយមិនបានចំណាយលុយរដ្ឋនោះទេ ខណៈត្រៀម៦លានដុល្លារសម្រាប់បញ្ចប់រឿងនេះ៕
ដោយ៖ រិន ចំរើន