ភ្នំពេញ៖«ក្រោយពីបានបង្កើត គម្រោង Eco ផ្លេតហ្វូម ស្កេនមើលម៉ឺនុយ (QR Digital Menu) ដោយមិនចាំបាច់ប្រើ App ម្ចាស់អាជីវកម្មដែលបានប្រើប្រាស់សេវាកម្មបានធ្វើការកោតសរសើរនិងពេញចិត្តជាខ្លាំងចំពោះសេវាកម្មមួយនេះដែលជួយបានច្រើនទាំងការលក់ និងភាពងាយស្រួលដល់ការកែប្រែតម្លៃទំនិញ និងបញ្ជីទំនិញផ្សេងសម្រាប់លក់ឱ្យអតិថិជន»។នេះជាការអះអាងរបស់ លោក ង៉ែត សុផាត ស្ថាបនិក Eco platform ដែល បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
លោក ង៉ែត សុផាត បានពន្យល់ថា Ecoជាផ្លេតហ្វូមមួយដែលប្រមូលបញ្ហានៅក្នុងសហគមន៍យើងទាំងអស់ដោយយើងប្រើបច្ចេកវិទ្យាមកជួយដល់សហគមន៍វិញ។ ប៉ុន្តែដោយបញ្ហាក្នុងសហគមន៍គឺមានទំហំធំដូច្នេះយើងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះក្នុងពេលតែមួយបានទេ ចឹងហើយលោកក៏បាននឹកឃើញដល់រឿងដែលអាទិភាព តូចៗដែលគេមើលរំលង និងមិនទាន់មានអ្នកធ្វើវានៅឡើយ។
ស្ថាបនិក Eco platform ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រតាំងពីឆ្នាំ២០០៦រូបនេះបានឱ្យដឹងថា អ្នកបានប្រយោជន៍ពីគម្រោង Eco ផ្លេតហ្វូមនេះគឺអ្នកនៅក្នុងសហគមន៍តែម្តង និងអាជីវករក្នុងសហគមន៍ ចុងក្រោយគឺអ្នកលក់អនឡាញដែលចង់មកលក់នៅក្នុងសហគមន៍នេះ។
បើតាម លោក ង៉ែត សុផាត មកទល់ពេលនេះមានម្ចាស់អាជីវកម្មបានចុះឈ្មោះជាមួយ Eco ផ្លេតហ្វូម ប្រហែល១៣០ហាង និងមានអាជីវកម្មដទៃទៀតក៏កំពុងចុះឈ្មោះ ប៉ុន្តែលោកក៏ត្រូវពិនិត្យឱ្យច្បាស់ ដើម្បីមិនឱ្យមានបញ្ហា មុនពេលបើកឱ្យអាជីវករលក់តាមអនឡាញបានប្រើប្រាស់សេវាកម្ម QR menu នេះ។ ចំពោះEco ផ្លេតហ្វូម ដែលធ្វើជាម៉ឺនុយពីក្រដាសទៅជាឌីជីថល លោកបើកចំហសម្រាប់គ្រប់អាជីវករ មិនថាប្រភេទតាមហាងកាហ្វេ ភោជនីយដ្ឋាន និងអ្នកលក់អាហារតាមផ្លូវនោះទេ សុទ្ធតែអាចប្រើប្រាស់ Eco ផ្លេតហ្វូម នេះបាន ដោយមិនគិតថ្លៃ៕
ដោយ៖ គង់ សេដ្ឋាមុនី