ភ្នំពេញ៖ កម្ពុជា ហ្គាតេម៉ាឡា ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារតែ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។
នៅក្នុងឱកាសដែលសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋហ្គាតេម៉ាឡា ប្រចាំកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក Carlos Humberto Jiménez Licona បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។
លោកមានជំនឿថា «តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារតែពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ»។ ជាមួយគ្នានេះ ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌សម្បូរបែប ជាពិសេសរមណីយដ្ឋានអង្គរ និងតំបន់ទេសចណ៍ជាច្រើន។
ឯកអគ្គរដ្ឋទូតរូបនេះបាន បញ្ជាក់ថា «លោកនឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋហ្គាតេម៉ាឡាជាមួយតំបន់អាស៊ានឱ្យកាន់ប្រសើរឡើងថែមទៀត ពីព្រោះប្រទេសជាសមាជិកអាស៊ានមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។
សម្ដេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេច សាយ ឈុំ មានជំនឿជឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្គាតេម៉ាឡាប្រចាំកម្ពុជា លោកនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សម្ដេចប្រមុខរដ្ឋស្តីទី សាយ ឈុំ បានបញ្ជាក់ថា «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»៕
ដោយ៖ សាន សៀងហៃ