កំពង់ធំ៖ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប្រធាន អនុប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ និងក្រុមកម្លាំងចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដែលជាលក្ខណៈទ្រង់ទ្រាយធំ ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សមាសភាពចូលរួមសរុបចំនួន១៨នាក់។
ជាក់ស្តែងក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសបឹងទន្លេសាប។
បើតាមរបាយការណ៍ដែលមន្ទីរពេ័ត៌មានខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ លទ្ធផលអនុវត្តបាន០១ករណីបានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនក្រឡាញឹកនៅកន្លែងរួមមានរបាំងសាច់អួនក្រឡាញឹកចំនួន០៥របាំង ប្រវែង១៥០០ម៉ែត្រ របាំងស្បៃមុងចំនួន៩របាំងប្រវែង១៣៥០ម៉ែត្រ លូ/លបសាច់អួនចំនួន៣០មាត់ ឡុកសាច់អួនចំនួន៣០គ្រឿង បង្គោលឈើចំនួន ២៥០០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់ ៤០គីឡូក្រាម។ចំពោះប្រើប្រាស់មធ្យោបាយកាណូតចំនួន០៥គ្រឿងប្រើប្រាស់ប្រេងសាំងអស់ចំនួន ១៥០លីត្រ៕ ដោយ៖ គង់ សេដ្ឋាមុនី