ភ្នំពេញ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចដ៏កម្រនៅកម្ពុជា អស់រយៈពេលជាច្រើនថ្ងៃ ហើយបានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីពាក់ព័ន្ធផ្សេងៗទៀត លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានប្រាប់ក្រុមហ៊ុនវិនិយោគរបស់ខ្លួន ឲ្យឈប់ស្ទាក់ស្ទើរ ក្នុងការមកវិនិយោគនៅកម្ពុជា ។
តាមរយៈបណ្ដាញសង្គមហ្វេស ទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី២៧ មករា លោក អូលីវេ្យ បិច បានលើកឡើងពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាថា ជាដំណើរទស្សនកិច្ចរដ្ឋមន្ត្រីលើកដំបូង ចាប់តាំងពីឆ្នាំ២០១៥ ។
លោកថា គោលដៅសំខាន់នៃដំណើរទស្សនកិច្ចដើម្បីគូសបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់បារំាងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសចំពោះអាស៊ាន ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនខ្ពស់ជាងគេបំផុត លើពិភពលោក។ មួយទៀតដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ក្នុងវិស័យសំខាន់ៗដូចជាថាមពល និងដឹកជញ្ជូន។
សម្រាប់ទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូថ្លែងថា «ខ្ញុំសូមនិយាយទៅកាន់ក្រុមហ៊ុនបារាំងថា សូមឈប់ស្ទាក់ស្ទើរ ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា!» ។
លោកបន្ថែមថា ក្រុមហ៊ុនបារាំងធំៗដើរតួនាទីសំខាន់ៗ ក្នុងការអភិវឌ្ឍកម្ពុជា តួយ៉ាងដូចជាក្រុមហ៊ុនតូតាល់ មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ដែលផ្គត់ផ្គង់១/៤នៃប្រេងឥន្ធនៈនៅកម្ពុជា និងក្រុមហ៊ុនវ៉ាំងស៊ី ។
ជាមួយគណៈប្រតិភូនៃក្រុមហ៊ុនចំនួន១១ របស់បារាំងដឹកនាំដោយសហព័ន្ធធុរកិច្ចអន្តរជាតិបារាំង MEDEF និង Business France លោក អូលីវេ្យ បិច អាចមើលឃើញនូវភាពសម្បូរបែប នៃចក្ខុវិស័យពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនបារាំងនៅកម្ពុជា។
លោកលើកឡើងថា “យើងអាច និងត្រូវពង្រឹងវត្តមានរបស់យើងបន្ថែមទៀត”។ សម្រាប់កម្ពុជាអ្វីៗ ដែលផ្តល់ដោយក្រុមហ៊ុនបារាំង មានតម្លៃបន្ថែមសំខាន់ ជាពិសេសទាក់ទងនឹងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងវិស័យថាមពល និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ នោះគឺជាអ្វីដែលលោកបានការពារ និងលើកឡើងក្នុងអំឡុងជំនួបនានា ជាមួយសមាជិករដ្ឋាភិបាលកម្ពុជា និងជាមួយសហគមន៍ធុរកិច្ចបារាំង។
ម៉្យាងវិញទៀត យើងមានប្រវត្តិសាស្រ្តរួមគ្នា និងមិត្តភាពដ៏សម្បូរបែបជាមួយប្រទេសកម្ពុជា។
លោក អូលីវេ្យ បិច បានបន្តថា កិច្ចសហប្រតិបត្តិការរបស់បារាំងមិនត្រឹមតែផ្តោតលើ វិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ពោលគឺផ្តោតផងដែរលើផ្នែកវិទ្យាសាស្រ្ត ជាមួយសាលាបារាំងចុងបូព៌ា វិស័យអប់រំជាមួយសាលា បារាំងដេកាតដែលមានសិស្សសិក្សាជាង ១២០០នាក់ និងផ្នែកវប្បធម៌ជាមួយនឹងការរីកធំធាត់នៃហ្វ្រង់កូហ្វូនី ៕ ដោយ៖ រិន ចំរើន