មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើស

តាកែវ៖ ក្នុងឱកាសបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការដា ស់តឿនដល់មន្រ្តីអាវុធហត្ថទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យចំគោលដៅ ដោយក្នុងនោះត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា កុំឱ្យកើតមានឡើងដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានមានប្រសាសន៍បន្តថា សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវតែចូលរួមធ្វើសកម្មភាពឱ្យបានខ្លាំងក្លាក្នុងបង្រ្កាបក្រុមចោរលួច ចោរប្លន់ ក្រុមអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលល្បែងនេះនាំឱ្យមានបញ្ហាអសន្តិសុខក្នុងសង្គម។
សកម្មភាពរបស់កងរាជអាវុធហត្ថ វានិងនាំឱ្យភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋក្លាយជាភូមិឃុំមានសុវត្ថិភាព គ្មានបងតូចបងធំ គ្មានការប្រើប្រាស់គ្រឿងញៀន ជាពិសេសវានិងនាំឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្មានការព្រួយបារម្ភរឿងសន្តិសុខសុវត្ថិភាពនោះទេ។

នៅក្នុងឱកាសនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៍បានណែនាំដល់មន្រ្តីអាវុធហត្ថទាំងអស់ ត្រូវធ្វើយ៉ាងណាកុំយកខ្លួនទៅពាក់ព័ន្ធនិងអំពើខុសច្បាប់ឱ្យសោះ ដូចជាទៅកាងឱ្យអ្នករកស៊ីបើកល្បែងខុសច្បាប់ ឬអ្នករកស៊ីគ្រឿងញៀន ដែលទង្វើទាំងអស់នេះជាទង្វើខុសច្បាប់ ហើយប្រសិនបើមានមន្រ្តីណាម្នាក់ប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងនោះទេ៕ ដោយ៖ គង់ សេដ្ឋាមុនី