ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសច្រានចោលទាំងស្រុងចំពោះគណនីអនាមិក មួយឈ្មោះ “លោកចោរ ស្របច្បាប់” និងកំពុងសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គមលើគណនីអនាមិកនេះ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ២៧ ខែមករា នេះ ឱ្យដឹងថា កន្លងមក គណនី Facebook អនាមិកឈ្មោះ “លោកចោរ ស្របច្បាប់” ដោយលួចដាក់រូបថត ប្រធានស្ថាប័ននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាទង្វើអសីលធម៌ និង មិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
គ.ជ.ប បានអំពាវនាវជាឱឡារិកដល់សាធារណជន សូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លៃ ការបំផ្លើស ការបរិហារកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នេះទេ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ ពុទ្ធិពល