ភ្នំពេញ៖ អង្គការ WWF បានបញ្ជាក់ថា ការកំណត់អត្តសញ្ញាណសត្វផ្សោត ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការតាមដានអំពីចំនួន និងស្ថានភាពនៃសត្វផ្សោតក្នុងទន្លេមេគង្គ ដែលត្រូវធ្វើឡើងជារៀងរាល់ ២ទៅ ៣ឆ្នាំម្តង ដោយក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF ក្នុងតំបន់ទីជម្រកតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជាចម្ងាយប្រមាណ១៨០ គីឡូម៉ែត្រចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ។
ការកំណត់អត្តសញ្ញាណសត្វផ្សោតលើកទី១ នៃឆ្នាំ២០២៣នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមផងដែរពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិមកពីកម្មវិធីស្រាវជ្រាវសត្វផ្សោតសារ៉ាសូតា គណៈកម្មការថនិកសត្វសមុទ្រសហរដ្ឋអាមេរិក និងក្រុមអ្នកឯកទេសថនិកសត្វសមុទ្រ IUCN SSC។ ទិន្នន័យដែលប្រមូលបានពីការសិក្សាពេលនេះនឹងត្រូវដាក់បញ្ចូលជាមួយទិន្នន័យដែលនឹងទទួលបានពីការចុះសិក្សាកំណត់អត្តសញ្ញាណចំនួនពីរលើកបន្ថែមទៀតនៅក្នុងនៅឆ្នាំនេះ ដើម្បីឈានដល់ការបូកសរុបដើម្បីប៉ាន់ប្រមាណ និងចងក្រងរបាយការណ៍អំពីចំនួនសត្វផ្សោតនៃឆ្នាំ២០២៣។
អង្គការ WWF បានចាត់ទុករបាយការណ៍នេះ គឺមានសារៈសំខាន់ ក្នុងការផ្តល់បច្ចុប្បន្នភាពនៃចំនួនសត្វផ្សោតដែលរស់នៅក្នុងតំបន់អភិរក្ស គាំទ្រដល់ភ្នាក់ងាររបស់រាជរដ្ឋាភិបាលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ស្ថាប័នអង្គការដៃគូ ព្រមទាំងអ្នកវិទ្យាសាស្ត្រអភិរក្សទាំងអស់ក្នុងការស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែម ដើម្បីពង្រឹងការការពារសត្វផ្សោតទន្លេមេគង្គកុំឱ្យបាត់បង់។
សូមជម្រាបជូនថា យោងតាមជំរឿនសត្វផ្សោតឆ្នាំ២០២០ បានឱ្យដឹងថា មានសត្វផ្សោតត្រឹមតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងទន្លេមេគង្គចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។ ការគំរាមកំហែងរបស់សត្វផ្សោតរួមមានការនេសាទខុសច្បាប់ និងការសាងសង់ទំនប់វារីអគ្គីសនីនៅប៉ែកខាងលើមេគង្គជាដើម។ ទន្ទឹមនេះ អង្គការ WWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សប្រកបដោយប្រសិទ្ធភាពសំដៅធានាការការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភ័ណ្ឌជាតិមានជីវិតនិងជា ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតមួយក្នុងសកលលោកឱ្យគង់វង្ស៕ ដោយ៖ គង់ សេដ្ឋាមុនី