ក្លុកតេជះ ត្រូវបានយកមកធ្វើអត្តសញ្ញាណ ប្រដាល់គុនខ្មែរ

ភ្នំពេញ ៖ ក្រោយផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ក្លុកតេជះ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរយកមកធ្វើអត្តសញ្ញាណប្រដាល់គុនខ្មែរម្តងទៀតហើយ ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក តែម ម៉ឺន បានឲ្យដឹងថា សហព័ន្ធសម្រេចយកក្លុកតេជះមកប្រើជាអត្តសញ្ញាណក្នុងវិស័យកីឡា ផ្នែកប្រដាល់គុនខ្មែរហើយ ។ មូលហេតុដែលជ្រើសយកនេះ ត្រូវបានលោក តែម ម៉ឺនអះអាងថា ដោយសារក្លុកតេជះនេះ បង្ហាញពីមន្តអាគមន្តតាំងពីសម័យបុរាណមក។

លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបន្តថា ទោះបីជាយ៉ាងណា ក្រមាដែលជ្រើសជាអត្តសញ្ញាណលើកមុននោះ ក៏នៅតែប្រើប្រាស់សម្រាប់វិស័យគុនខ្មែរដែរ ព្រោះបង្ហាញអត្តសញ្ញាណជាតិខ្មែរដូចគ្នា ។ ដូច្នេះ លោកតាំងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្នើឲ្យអ្នកគាំទ្រ នាំគ្នាគាំទ្ររូបក្លុកតេជះ សម្រាប់ការប្រកួតកីឡាគុនខ្មែរនានាទំាងលើឆាកជាតិ និងអន្តរជាតិ ។

ក្លុកតេជះ ជាសំណុំអំបោះពណ៌សវេញជាទំហំប្រមាណប៉ុនម្រាមដៃ ប្រវែងជុំក្បាលមនុស្សប្រុស ហើយរួបចុងទាំង២ ចងភ្ជាប់គ្នា ហើយយកសំពត់ស មករុំភ្ជាប់ពីខាងមុខ។ នៅពាក់កណ្ដាលខ្សែសងខាង គេអាចបញ្ចុះជាព្រះពុទ្ធរូបតូចៗ ជាយ័ន្ត ឬវត្ថុស័ក្តិសិទ្ធិគោរពបូជា មកដាក់ភ្ជាប់នឹងខ្សែនោះបាន។ អំបោះក្លុកនេះហើយគឺជាផ្នែក១ នៃឯកសណ្ឋានប្រដាល់ខ្មែរនាសម័យក្រោយមក។
ក្នុងព្រះរាជពិធីសំខាន់ៗ គេតែងរៀបចំឲ្យមានកម្មវិធីប្រដាល់ជានិច្ច ព្រះមហាក្សត្រក៏សព្វព្រះរាជហឫទ័យនាំអស់បណ្តានាម៉ឺនមន្ត្រីទតកម្សាន្តផងដែរ។ នៅសម័យក្រោយមក ប្រដាល់បុរាណ បានវិវត្តន៍ខ្លួនទៅជាប្រដាល់សេរី ទំនៀមទំម្លាប់មួយចំនួនក៏បាត់បង់ និងមិនបានរក្សាទុកបន្តទៀតទេ។ ការប្រើប្រាស់ ភ្លុកតេជះ ឬ អំបោះភ្លុក របស់ខ្មែរក៏បាត់បង់ទៅតាមកាលវេលា។

ចំណែក នៅប្រទេសថៃសម័យបុរាណ មានការប្រើប្រាស់អំបោះស័ក្តិសិទ្ធិស្រដៀងគ្នានេះដែរ ដែលគេហៅ “មង្គល” និងក្រោយមកមានការវិវត្តរូបរាងជា មង្គលមានទំហំធំវែងទៅក្រោយ ៕