ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចូលរួមវេទិកាបាគូសកលលើកទី១០ របស់លោក ស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចទំនាក់ទំនងការ រវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ។
ការលើកឡើងរបស់លោក បណ្ឌិត គិន ភា ធ្វើឡើងនៅថ្ងៃទី ១០ ខែមីនា នេះ បន្ទាប់ពីលោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា កំពុងដឹកនាំគណៈប្រតិភូ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពលោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
លោក គិន ភា ប្រាប់សារព័ត៌មាន KHMER CM ថា តាមការមើលឃើញរបស់លោក គណប្រតិភូរដ្ឋសភាកម្ពុជា ដែលដឹកនាំ ដោយ លោក ស្រី ឃួន សុដារី ចូលរួម វេទិកា បាគូសកលលើកទី១០ គឺជាយន្តការមួយ ដែលកម្ពុលជាអាចប្រើប្រាស់វេទិកានេះ បង្ហាញនូវទស្សនៈ និងការយល់ឃើញរបស់ខ្លួន ជុំវិញបញ្ហាតំបន់ និងពិភពលោក ។
លោកបន្តថា នេះ គឺជាច្រកកាទូតមួយដ៏សំខាន់ សម្រាប់សម្លេង និង មុខមាត់របស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ គ្រប់ប្រទេសទាំងអស់កំពុងលើកកម្ពស់គោលការពហុភាគីនិយម លើបញ្ហាដែលកើតឡើងជាច្រើននៅលើពិភពលោកនេះ ។
លោកថ្លែងថា « វាមិនមែនជាការដោះស្រាយ សម្រាប់ប្រទេសណាមួយទេ វាទាមទាឱ្យមានសាមគ្គី និងសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ទាំងតួអង្គរដ្ឋ និងមិនមែនរដ្ឋ ក្នុងគោលដៅ គឺគ្រប់ភាគីនិយម ដូចជាបញ្ហាកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅពិភពលោក ក៏ដូចជាបញ្ហាវិបត្តិស្បៀងអាហារពិភពលោក និងវិបត្តិថាមពល ទាមទាឱ្យគ្រប់ភាគីធ្វើការដោះស្រាយ »។
បើរាមលោក គិន ភា ការបំពេញទស្សនកិច្ចរបស់លោក ស្រី ឃួន សុដារី ទៅកា់ប្រទេសសសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏នឹងធ្វើ ឱ្យពង្រឹងកិច្ចទំនាក់ទំនងការ រវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ កាន់តែប្រសើរឡើង ស្របតាមទិសស្លោករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺពង្រឹងខាងក្នុង និងពង្រីកខាងក្រៅ។
លោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចូលរួម វេទិកាបាគូសកលលើកទី ១០ រយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center -NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីជាង ៦០ប្រទេស។
ក្រោយពិធីបើកផ្លូវការនៃវេទិកាបាគូសកលលើកទី១០ លោកស្រី និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗរួមមាន ១) ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ ២)យុគសម័យនៃការគំរាមកំហែងដ៏មហិមា ៣)ការបង្កើតឡើងវិញនូវពហុភាពនិយម ៤)ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។
វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា នឹងពិនិត្យមើលកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។
ប្រធានបទដែលលើកយកមកជជែកពិភាក្សាពាក់ព័ន្ធទៅនឹង ការកសាងភាពធន់នៅក្នុងពិភពលោកដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាពនុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយមក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិនសម្រាប់ការអភិវឌ្ឍនិងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលជាសញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារឡើងវិញក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ៕ ដោយ៖ ពុទ្ធិពល