កម្ពុជាប្ដេជ្ញាខ្ពស់ក្នុងនាមជាប្រទេសឈានមុខក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងបានដាក់ការប្ដេជ្ញាខ្ពស់ក្នុងនាមជាប្រទេសឈានមុខក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ការលើកឡើងរបស់លោក ប៉ាក សុខារ៉ាវុត ក្នងសិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)» នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២។ សិក្ខាសាលានេះ រៀបចំដោយ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយគណៈកម្មការសង្គមនិងសេដ្ឋកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។

លោក បន្តថា ជាក់ស្ដែង នាពេលនេះ កម្ពុជាបានរៀបចំ «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)» នេះឡើង ស្របទៅនឹង «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC)» ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានផ្តល់ជាទស្សទានថា “កំណើនសីតុណ្ហភាព” គឺជាផលប៉ះពាល់មួយដ៏សំខាន់ក្នុងចំណោមផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ភ្នាក់ងារអង្គការសហប្រជាជាតិ (UN Agencies) បានចាត់ទុកកម្ពុជាថាជាប្រទេសមួយដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតបណ្ដាលមកពី កំណើនសីតុណ្ហភាព ក្នុងនោះ ការកើនឡើងសីតុណ្ហភាព នឹងជះផលអវិជ្ជមានទៅលើសុខភាពនិងផលិតភាពការងាររបស់ពលរដ្ឋ ដោយជាលទ្ធផល វានឹងជះផលអវិជ្ជមានទៅលើចរន្តសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថាស្មើនឹងជាងពាក់កណ្តាលនៃការបាត់បង់និងការខូចខាតទាំងមូលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះ ផែនការសកម្មភាពប្រព័ន្ធត្រជាក់នេះ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕