Save the Children ប្រចាំកម្ពុជាអះអាងថា កុមារនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន

ភ្នំពេញ ៖ លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានលើកឡើងថា កុមារនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺរាតត្បាតជាសកល(កូវីដ)។ ប៉ុន្តែមន្រ្តីខាងរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កុមារត្រូវបានការពារសិទ្ធិយ៉ាងយកចិត្តទុកដាក់។

ការលើកឡើងរបស់លោកនេះ ក្នុងវេទិកាប្រារព្ធខួបលើកទី១០ នៃគោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច នាថ្ងៃទី១០ មីនា។ វេទិកានេះរៀបចំឡើងដោយអង្គការ Save the Children និងអង្គការយូនីសេហ្វកម្ពុជា ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចផងដែរ។

លោក រស្មី ហុង បានថ្លែងចំណាប់អារម្មណ៍បិទវេទិកានេះ។ ដោយលោកបានកត់សម្គាល់ពីផលវិជ្ជមានពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺរាតត្បាតជាសកល។

លោកថា “ខ្ញុំសូមអំពាវនាវដល់លោក លោកស្រី ឲ្យបន្តការប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិកុមារនៅក្នុងគ្រប់ ទិដ្ឋភាពនៃយុទ្ធសាស្ត្រ និងប្រតិបត្តិការធុរកិច្ចរបស់លោកអ្នក។ សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះ និយោជិត និងសហគមន៍របស់អ្នក និងការផ្លាស់ប្តូរដែលអ្នកបានបង្កើតនៅក្នុងការងាររបស់អ្នក និងនៅក្នុងទីផ្សារ អាចផ្តល់ផលវិជ្ជមានមកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹងបន្ត គាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹងមានវត្តមាននៅទីនេះជានិច្ចសម្រាប់អ្នកផង ដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើតលទ្ធផលកាន់តែច្រើន នៅពេលយើងសហការគ្នា»។

ចំណែកលោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងការពារសិទ្ធិកុមារថា “រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ ហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការការពារ និងបំពេញនូវសិទ្ធិកុមារគ្រប់រូប”។

ប៉ុន្តែទោះបីជាយ៉ាងណាលោកក៏ទទួលស្គាល់ថា កុមារទាំងអស់ស្ថិតក្រោមផលប៉ះពាល់ពីសកម្មភាពនៃវិស័យធុរកិច្ច មិនត្រឹមតែក្នុងនាមជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិក និងអ្នកដឹកនាំធុរកិច្ចនាពេលអនាគតផងដែរ។ គោលការណ៍ធុរកិច្ច និងសិទ្ធិកុមារ បានផ្ដល់ជាមគ្គុទ្ទេសក៏ដ៏សំខាន់ ខណៈរដ្ឋាភិបាលបានធ្វើការជាមួយវិស័យឯកជន ដើម្បីដាក់បញ្ចូលសិទ្ធិកុមារជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។

សម្រាប់លោក វីល ផាកស៍ នាយកយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ដែរថា “ជីវិតរបស់កុមាររងផលប៉ះពាល់ពីវិស័យឯកជនជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ដែលធុរកិច្ចត្រូវធ្វើសកម្មភាពយ៉ាងណាដើម្បីផ្ដល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់កុមារ”។

លោកបន្តថា ការបំពេញកិច្ចសន្យារបស់គោលការណ៍ស្តីពី សិទ្ធិកុមារ និងធុរកិច្ច អាចសម្រេចបានលុះត្រាណាតែមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងធុរកិច្ច រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

បើសេចក្តីប្រកាសរួម រវាងអង្គការ Save the Children និងយូនីសេហ្វកម្ពុជា គឺគោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើងដោយយូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្ដល់ការណែនាំសម្រាប់ធុរកិច្ចស្តីពីការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការរបស់ពួកគេ។ កុមារទទួលរងឥទ្ធិពលពីវិស័យឯកជនក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មានពីការផ្សព្វផ្សាយលក់ និងការផ្សាយពាណិជ្ជកម្មក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថានដែលពួកគេរស់នៅ និងលេងកំសាន្ត៕