គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ទី៣ និងស្ពានឆ្លងទន្លេ ៣ កន្លែងមានតម្លៃ ២៤០លានដុល្លារអាមេរិក

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអនុវត្តគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ៣ កន្លែងដែលមានតម្លៃចំណាយ ប្រមាណ ២៤០លានដុល្លារអាមេរិក។

នេះបើតាមការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុនសំណង់សៀងហៃ ជូនអ្នកជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.)គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព៕