ភ្នំពេញ ៖ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនអះអាងថា រដ្ឋាភិបាលខ្លួន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខ ក្រោយចប់បុណ្យចូលឆ្នាំខ្មែរ ។
ការអះអាងរបស់លោកនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោក តាកេ ហ្ស៊ឺនសឹកិ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ២៣ កុម្ភៈ ក្នុងគ្រាមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុនរូបនេះ រួមទាំងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ទស្សនកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត ៕ ដោយ៖ រិន ចំរើន