លោក ម៉ម ប៊ុនហេង ៖ ផ្ដាសាយបក្សី បន្ដគំរាមសុខភាពប្រជាជនខ្មែរ

ភ្នំពេញ ៖ បន្ទាប់ពីក្មេងស្រីម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីH5N1 កុម្ភៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសថា ជំងឺផ្ដាសាយក្សH5N1 នៅបន្ដគំរាមកំហែងដល់សុខភាពប្រជាជនខ្មែរ និងកើតមានច្រើនលើកុមារ ដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។

បន្ទាប់ពីមានករណីជំងឺផ្តាសាយបក្សីចំនួន១ករណី ដែលត្រូវបានអះអាងបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) លើកុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ មានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ករណីកុមារីដែលបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៧ ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី១ ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកុម្ភៈ ។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេងតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ បានថ្លែងថា «ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន»។

លោករដ្ឋមន្ដ្រី បន្ដថា ជានិច្ចកាល កុមារតែងតែមានការលេង និងឲ្យចំណីបសុបក្សីក្នុងស្រុក ឬជួយបោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់-ទា ។ ជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សីដោយសារពួកគេចាត់ទុកវាដូចជាសត្វដែលចិញ្ចឹម និងលេងជាមួយសត្វ ដូច្នេះ ពួកគេ មានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង ដែលកន្លែងលេងនោះ ក៏មាន បសុបក្សីដែរ៕ ដោយ៖ រិន ចំរើន