ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មណែនាំដល់វិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែលពាក់ព័ន្ធដូចជា ប្រភព បរិមាណ និងតម្លៃអង្ករ ដែលកត្តាទាំងនេះគឺជាមូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុង ទីផ្សារសហភាពអឺរ៉ុប។
ការណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលលោកអញ្ជើញធ្វើជាអធិបតីក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។
លោកបន្តថា យោងតាមអនុសាសន៍ណែនាំ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវ-អង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកឡើងពីសក្តានុពលនៃទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទីផ្សារសហភាពអឺរ៉ុប។
លោកបន្តថា សហព័ន្ធស្រូវ-អង្ករកម្ពុជា និងសហភាពអឺរ៉ុបបានបង្កើតភាពជាដៃគូកាន់តែស៊ីជម្រៅជាងមុន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវព័ត៌មាន ព្រមទាំងបានសហការជាមួយសហភាពអឺរ៉ុបគ្រប់ផ្នែក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសស្វែងយល់ពីវិស័យស្រូវ-អង្ករកម្ពុជា ក៏ដូចជាពីទីផ្សារអង្ករនៅសហភាពអឺរ៉ុប។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ការនាំចេញអង្ករទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្លាប់តែមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺពី ៦៦% មកដល់២៥ % នៃបរិមាណនាំចេញសរុបប្រចាំឆ្នាំ តែបែរជាមានកំណើនបន្តិចឡើងវិញ នៅឆ្នាំ២០២២។
ទោះជាយ៉ាងណា បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករចំនួន ៣៦ ៩០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨,៨៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ ដែលក្នុងនោះទៅកាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២០ ប្រទេសស្មើនឹង ៤៨% នៃការនាំចេញសរុបមានការកើនឡើងចំនួន ៤២% ៕ ដោយ៖ ពុទ្ធិពល