គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣ នឹងបង្ហាខ្លួននៅក្រុងកោះរ៉ុង

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣ គម្រោងនឹងបង្ហាញខ្លួន នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ខណៈ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងារខេត្តព្រះសីហនុ បានចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដី។ នេះ បើតាមរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២២ ខែកុម្ភៈ ។

លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ ថ្លែងក្នុងពេលដឹកនាំក្រុមការងារចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដី និងបើកកិច្ចប្រជុំពិភាក្សាអំពីទីតាំងនៃគម្រោងទាំង៣នេះ បានណែនាំដល់ម្ចាស់គម្រោងទាំងអស់ឱ្យអនុវត្តគម្រោងឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបនឹងល្បឿននៃការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្ត។

បន្ថែមពីលើនេះ លោកអភិបាលរង ក៏បានជំរុញឱ្យម្ចាស់គម្រោងទាំងអស់យកសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងជាឧទាហរណ៍ នៃការអភិវឌ្ឍប្រកបដោយមេត្រីភាពបរិស្ថាន ដោយផ្តល់ការយកចិត្តទុកដាក់លើការកាត់បន្ថយការប៉ះពាល់បរិស្ថានជាអតិបរមា និងជៀសវាងការប្រើប្រាស់ថង់ប្លាស្ទិច ជំនួសមកវិញដោយការប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញផងដែរ៕ ដោយ៖​ ពុទ្ធិពល