ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា អះអាងថា គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ដោយមិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោបាយនេះរំពឹងថានឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។
ការអះអាងរបស់ លោក ឌិត ទីណា ធ្វើឡើងក្នុងពេលលោក ចូលរួមបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
លោកបន្តថា សន្តិសុខស្បៀង គឺត្រូវធ្វើការងារក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតដល់ទីផ្សារ ដោយធានាការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផងដែរ។
លោកបន្ថែមទៀតថា គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតក្នុងការកាត់បន្ថយការចំណាយ។
បើតាម លោកឌិត ទីណា ជាមួយគ្នានេះដែរ ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលចំណាយតិចដូចជាប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យឬសូឡា ការប្រើប្រាស់ភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប ព្រមទាំងការចងសហគមន៍កសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រមទាំងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញដល់គ្រប់ភាគី។
សូមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីប្រកាសជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សានិងបញ្ជាក់ពីយុទ្ធសាស្ត្រនិងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៣។
គម្រោងនេះមានរយៈពេល ៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ៕
ដោយ៖ ពុទ្ធិពល