គ.ជ.ប សម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតចំនួន ៣សំខាន់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបង្កើតថ្មី។

កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។
អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះរួមមាន៖
១.ឯកសារបោះពុម្ពផ្សាយ ចំនួន ១៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

២.ខ្លឹមសារសៀវភៅណែនាំគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សៀវភៅណែនាំគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងសៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) / គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

និង ៣. ខ្លឹមសារឯកសារជំនួយស្មារតី បដា និង Poster គំរូប្លង់ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី‌១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។

លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា ថា គ.ជ.ប ត្រូវតែអនុវត្តការងារទៅតាមច្បាប់ ដោយយកច្បាប់ជាមូលដ្ឋាន និងបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោត។ សម្រាប់បទបញ្ជា និងនីតិវិធី ដែល គ.ជ.ប សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សុទ្ធតែមានការចូលរួមផ្ដល់យោបល់ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់។

លោកបន្ត ថា ក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចែងរួចហើយ អំពីករណីត្រូវបាត់បង់មុខតំណែង។ ក្នុងករណីបាត់បង់សមាជិកភាព គ.ជ.ប ណាម្នាក់ នោះរដ្ឋសភាត្រូវប្រកាសជ្រើសរើសជាសាធារណៈនូវបេក្ខភាពបេក្ខជនដែលត្រូវជំនួសមុខតំណែងដែលទំនេរ។ ដូច្នេះសមាសភាព គ.ជ.ប បច្ចុប្បន្ន គឺត្រឹមត្រូវស្របតាមច្បាប់៕ ដោយ៖ ពុទ្ធិពល