នាយករដ្ឋមន្រ្តី បញ្ជាឲ្យចាត់ការ លើអតីតស្មៀនសង្កាត់តាខ្មៅកិបកេងលុយរដ្ឋ ដោយគ្មានការលើកលែង

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះលោក សុខ សុផា អតីតស្មៀនសង្កាត់តាខ្មៅ ដោយគ្មានការលើកលែង (សងលុយហើយជាប់គុកទៀត)។

លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានស៊ីដាច់ប្រាក់ជាង៧០លានរៀល ពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។

ថ្លែងចេញពីវេទិកា នៃពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច បានមានប្រសាសន៍ថា «យើងមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋរបស់យើង ដែលក្រហើយនោះ កាន់តែក្របន្ថែមក្នុងកាលៈទេសៈ ដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនទាន់ឆ្លងផុត បូកជានឹងបញ្ហាអតិផរណា បានកើតឡើង»។

សម្ដេចបានឲ្យដឹងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្ដល់ឥណទាន ជាសាច់ប្រាក់សម្រាប់ការជួយឧបត្ថម្ភជាង១ពាន់លានដុល្លាររួចស្រេចទៅហើយចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ និងការកើតឡើងនៃអតិផរណា ។

សម្ដេចក៏បានណែនាំដល់មន្រ្តីមូលដ្ឋាន ឲ្យធ្វើការនេះបានម៉ត់ចត់ ត្រឹមត្រូវ ដើម្បីជៀសវាងនូវការបាត់បង់ណាមួយ ដូចជាករណីកើតឡើងនៅខេត្តកណ្ដាល ដែលត្រឹមតែស្មៀនឃុំម្នាក់ បានកិបកេងលុយរាប់សិបលានរៀល ពីកម្មវិធីនេះ ។

ក្នុងករណីនេះសម្ដេច បានលើកឡើងថា «ចេះរកឃើញ! យើងឲ្យតម្រង់ទៅគ្រួសារក្រីក្រ តែបែរជាមិនបានដល់គ្រួសារក្រីក្រ វានៅត្រឹមតែអ្នកពុករលួយ ហើយទម្រាំតែរកឃើញ ចុះបើរកមិនឃើញ អ្នកដែលត្រូវបាននោះ វានឹងអត់តែរហូតហើយ»។

សម្ដេចសង្កត់ធ្ងន់ថា «អត់មានលើកលែងទេ ចោទប្រកាន់ផ្ដន្ទាទោស មិនត្រឹមតែសងលុយនោះទេ សងលុយហើយជាប់គុកទៀត» ។

សម្ដេច ផ្ដាំថា រាជរដ្ឋាភិបាលបានប្រឹងណាស់ កុំបំផ្លាញអ្វីដែលជាការខិតខំរួមរបស់ជាតិ និងប្រជាជនហើយ យកទៅធ្វើមានធ្វើបាន បំផ្លាញនូវសេចក្ដីសុខ របស់ប្រជាជនដែលត្រូវទទួលបានផលរាប់សិនគ្រួសារនោះ៕ ដោយ៖​ រិន ចំរើន