ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះទីតាំងលក់គ្រឿងសង្ហារឹមផ្តៅ នៅចំណុចស្តុបចំការមន បណ្តោយផ្លូវព្រះសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឱ្យដឹងថា មុនកើតហេតុគឺផ្ទះលក់គ្រឿងសង្ហារឹមកំពុងជួសជុល ទើបហៅជាងផ្សារដែកមកផ្សារ ប្រហែលជាមិនប្រយ័ត្ន ទើបបណ្ដាលឱ្យឆាបឆេះតែម្ដង។
ក្រោយប្រតិបត្តិការពន្លត់អគ្គិសភ័យជោគជ័យ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យើងកំពុងធ្វើការស្រាវជ្រាវ ហើយក្នុងនោះធ្វើឲ្យខូចខាតអស់ផ្ទះចំនួន ២ខ្នងទាំងស្រុង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ប្រហែល ២០% ចំនួន ៣ខ្នង ដែលសង់អំពីថ្មបេតុង ទំហំ ៤.២ម៉ែត្រ x ២០ម៉ែត្រ។
សូមបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១៥ឡាន ស្មើនឹង ៤៦០ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍មកពី រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តរបស់កងរាជអាវុធហត្ថ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តទីក្រុងកោះនរា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប និងរថយន្តស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២និង៣០នាទីនាថ្ងៃខែឆ្នាំដដែរ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតឡើយ៕