គម្រោងស្ពាន និងផ្លូវនៅខេត្តក្រចេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃនេះ

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ បានចាប់ផ្តើមបើករដ្ឋាន នាថ្ងៃទី០២ មករា ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ។

ក្រសួងបន្តថា គម្រោងនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណ ៤២ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យរួចរាល់។

បើតាមការក្រសួងសាធារណការ ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ លេខ៧ លេខ៧១ និងលេខ៧៣ ដែលបន្ទាប់ពីសាងសង់រួចនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ៕ ដោយ៖ ពុទ្ធិពល