ភ្នំពេញ ៖ មុនមួយថ្ងៃនៃការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០២៣ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានចេញបញ្ជាឲ្យអាជ្ញាធរខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចត្រូវផ្តោតលើបញ្ហាចរាចរណ៍ ក្នុងខណ្ឌ៤នាថ្ងៃឆ្លងឆ្នាំ (រាត្រី ៣១ ធ្នូ)។
ខណ្ឌទាំង៤នោះរួមមាន៖ ខណ្ឌដូនពេញ ចំការមន ជ្រោយចង្វា និងខណ្ឌច្បារអំពៅ។
បើតាមលោក ឃួង ស្រេង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃ៣០ ធ្នូ ការឲ្យផ្តោតលើខណ្ឌទាំង៤ពីសំណាក់អភិបាលរាជធានីនេះ ដោយសារជាខណ្ឌមានទីតាំងសប្បាយភាពច្រើនជាងគេ ហើយតែងទទួលរងនូវការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ចាប់ពីម៉ោងឆ្លងរាត្រីទៅ នាបុណ្យឆ្លងឆ្នាំសកល។
ក្នុងនោះលោក ឃួង ស្រេង បញ្ជាក់ថា គណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី នឹងត្រូវបង្កើតក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងពិធីបុណ្យឆ្លងឆ្នាំ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដាក់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយចរាចរណ៍ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋ ៕ ដោយ៖ រិន ចំរើន