ព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងស៊ុប យីហោ ប៉ៃ វៃ ស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្ដិការចុះបង្រ្កាបខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ (ជនជាតិចិន ០៣នាក់, ជនជាតិខ្មែរ ០២នាក់) មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ស៊ុន ផាកន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែភាសាចិន មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ ឈ្មោះ YAO SING WEN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣/ ឈ្មោះ MIN SHI LIANG ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៤/ ឈ្មោះ ZHANG XIN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៥/ ឈ្មោះ ចាន់ រាំបូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាកស៊ី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ក្នុងនោះកម្លាំងជំនាញ បានរឹបអូសចាប់ដកហូតវត្ថុតាងមួយចំនួនរួមមាន ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង,អាយភេត ចំនួន ០១គ្រឿង,លិខិតឆ្លងដែនជនជាតិចិន ចំនួន ០៤ច្បាប់,បង់អាវុធខ្លីចំនួន០១ គ្រាប់ ចំនួន ០២,នាឡិកាដៃ ចំនួន ០១គ្រឿង,ចិញ្ចៀនលោកហធាតុពណ៌ប្រាក់ ចំនួន ០១,កាតផ្សេងៗមួយចំនួន,កាបូបស្ពាយ ចំនួន០១ និងរថយន្ត ចំនួន ០១គ្រឿង ម៉ាកហាយឡេនដឺ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2B-7978។
សូមជម្រាបដែរថា ប្រតិបត្តិការនៃការស្រាវជ្រាវស៊ើបអង្កេតករណីខាងលើ ធ្វើឡើងក្រោមបទបញ្ជានិងចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ និងឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ៕