សម្តេចតេជោ ព្រមានដកផ្កាយមន្ត្រីនគរបាលណា ចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារ

ភ្នំពេញ ៖ បញ្ហាដីធ្លីនៅតែជាដំបៅមិនចេះជា ទោះបីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវឲ្យអាជ្ញាធរព្យាយាមចូលរួមដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ។ ដោយសារដំបៅដីធ្លីនេះ នាពេលបច្ចុប្បន្នហាក់មិនធូរស្បើយនោះ សម្តេចបានព្រមានដកស័ក្តិ ឬដកផ្កាយ ចំពោះនគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារដោយអយុត្តិធម៌។

ការប្រកាសរបស់នាយករដ្ឋមន្រ្តីលើបញ្ហាដីធ្លីនេះ ស្របពេលសម្តេចកំពុងតាមដានរឿងក្តៅគគុកថ្មីមួយ រឿងបោកលុយជាង៣៦លានដុល្លាររបស់អ្នកសារព័ត៌មានទូរទស្សន៍បាយ័នម្នាក់ ដោយបានចាប់ខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធរឿងលក់ដីខ្យល់ ។

បើតាមសម្តេចតេជោថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២គឺថា បុគ្គលិកនោះ ជាមនុស្សក្រីក្រ ដោយសម្តេចប្រតិកម្មឲ្យអ្នកពាក់ព័ន្ធតាមដានរឿងនេះឱ្យដិតដល់ ។ ក្នុងនោះសម្តេចក៏បាន បញ្ជាក់ថា “កម្លាំងគ្រប់ប្រភេទ កុំអី អាងចាប់ចង មនុស្សពាក់ព័ន្ធបញ្ហាដីធ្លី ព្រោះជារឿងរដ្ឋប្បវេណី”។

ដោយសារករណីនេះ សម្តេចតេជោក៏បានទទូចដល់អាជ្ញាធរ និងនគរបាលយុត្តិធម៌ទាំងអស់ កុំចេះតែចាប់ដាក់ពន្ធនាគារចំពោះអ្នកដែលមានជម្លោះដីធ្លីលឿនពេក តែត្រូវពិនិត្យលើបញ្ហាឲ្យបានច្បាស់លាស់ជាមុនសិន។

សម្ដេចតេជោថា «ខ្ញុំ ចង់ដឹងថា អាហ្នឹងរឿងពិត ឬមិនពិត យើងមិនខ្លាចឱ្យមនុស្សនឹងអនុវត្តតាមច្បាប់។ អស់លោក កុំអាងមានស័ក្តិ។ ខ្ញុំ សូមព្រមាន ប្រាប់អស់លោកឲ្យហើយ ។ កុំថាអស់លោកពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏ខ្ញុំដកចេញបានដែរ…ផ្នែកនគរបាលយុត្តិធម៌»។

សម្ដេចផ្ញើសារទៀតថា អ្នកទទួលបន្ទុកជានគរបាលយុត្តិធម៌ ដូច្នេះកុំងងឹតងងុលពេក៕ ដោយ៖ រិន ចំរើន