សម្តេច ស ខេង សង្ឃឹមថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មី នឹងទៅដល់ដៃគណៈរដ្ឋមន្រ្តី ដំណាច់ឆ្នាំនេះ

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បង្ហាញក្ដីសង្ឃឹមថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាដំណាច់ឆ្នាំ២០២២ ខណៈច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភា នាត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ដែរ»។

សូមរំលឹកថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ ដូចជា ការពង្រីកផ្លូវ កសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕ ដោយ៖ រិន ចំរើន