ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនឹង កំណត់ឱ្យអ្នកបើកបរយានយន្តទាំងអស់ ជាពិសេស អ្នកបើករថយន្តធំៗ ត្រូវតែធ្វើតេស្តរកសារធាតុញៀន ព្រោះជាកាតព្វកិច្ច មិនអាចអត់បានឡើយ។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២សម្ដេច ស ខេង បានថ្លែងថា បន្ទាប់ពីដាក់កំហិតកំណត់តេស្តរកសារធាតុញៀនហើយ បើរកឃើញអ្នកបើកណាមានសារធាតុញៀន និងស្រវឹងស្រា នឹងត្រូវដកប័ណ្ណបើកបរ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់
សម្ដេចថា លក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀន នឹងកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ព្រមទាំងមានការចូលរួមជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្ដេចគូសបញ្ជាក់ថា «ការចាប់ផ្តើមធ្វើតេស្តនេះ គឺត្រូវធ្វើទៅលើមជ្ឈដ្ឋានដែលតម្រូវចាំបាច់ ដូចជា រថយន្តធ្ងន់ធ្ងន់ រថយន្តដឹកភ្ញៀវទេសចរណ៍ច្រើនជាដើម»។
បើតាមសម្តេច ស ខេង ដដែលសេចក្តីព្រាងច្បាប់នេះ នឹងអាចទៅដល់ដៃរដ្ឋសភាឆ្នាំ២០២៣ ក្រោយឆ្លងកាត់គណៈរដ្ឋមន្រ្តីបំណាច់ឆ្នាំនេះ។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ក្រោយច្បាប់នេះត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសារហើយ ក្នុងគោល បំណងកាត់បន្ថយគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕ ដោយ៖ រិន ចំរើន