លោក គ្រី ម៉ះផល ពាក់ព័ន្ធការចោទប្រកាន់ជួញដូរស្វាត្រូវបានតុលាការអាមេរិកដោះលែងនៅក្រៅឃុំ

ភ្នំពេញ៖ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ពីសំណាក់តុលាការសហរដ្ឋអាមេរិក។នេះបើតាមការផ្សាយរបស់ក្រសួងកសិកម្ម។

លោកត្រូវបានដោះលែងជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ ត្រូវនឹងល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ម៉ោងនៅសហរដ្ឋអាមេរិក​ ។ ការដោះលែងលោក​ គ្រី​ ម៉ះផល​ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់​ដ៏ស្វិតស្វាញ​ ដោយ​មានមេធាវីអាមេរិកចំនួន២រូប​ជួយការពារក្តី​ នៅតុលាការអាមេរិក​ តាមរយៈការផ្តល់ការជួយជ្រោមជ្រែង​ចាំបាច់​ និងទាន់ពេលវេលា​ ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក​ ក្រសួងការបរទេសខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា។

ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជា​ទាំងអស់​ រួមទាំងលោក​ គ្រី​ ម៉ះផល​​ ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេស​ដេីម្បីផលប្រយោជន៍ជាតិ​​ គឺជាកាតព្វកិច្ចរបស់​រាជរដ្ឋាភិបាលកម្ពុជា​។

នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទេីបសម្រេចបាន​ និងជាដំណឹងដ៏រីករាយ​ សម្រាប់លោកម៉ះផល​ និងក្រុមគ្រួសារ​ ជាពិសេសកូនៗរបស់លោក​ ក្រោយពីបែកគ្នា​ និងខកខានមិនបានទាក់ទងគ្នា​ ជាងមួយខែកន្លងមក។

ករណីលោកម៉ះផលនឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ​ ជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក​។​ រាជរដ្ឋាភិបាលកម្ពុជា​នឹងបន្តផ្តល់ជំនួយផ្លូវច្បាប់​ និងការគាំទ្រចាំបាច់ដល់លោកម៉ះផល​ រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់​ ដេីម្បីស្វែងរកយុត្តិធម៌​ជូនលោក។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ វិច្ឆិកា ការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋហ្លរីដា ប្រកាសថា លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១៧ វិច្ឆិកានៅឯអាកាសយានដ្ឋានអន្តរមួយ នៅសហរដ្ឋអាមេរិក ទាក់ទងនឹងការចោទប្រកាន់ពីបទរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ ៕ ដោយ៖ រិន ចំរើន