ច្បាប់ចរាចរណ៍ថ្មី នឹងត្រូវធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។ ដោយច្បាប់ថ្មីនេះ នឹងតម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ ធ្វើតេស្តរកសារធាតុញៀន។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង បានលើកឡើងថា ប្រសិនបើគ្មានការប្រែប្រួលនោះទេ នាថ្ងៃទី២៨ ធ្នូ ស្អែកនេះ សម្តេចនឹងបើកកិច្ចប្រជុំដើម្បីឆ្លងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងត្រូវថែមចំណុចមួយចំនួន ជាពិសេសទាក់ទងនឹងការបើកបរ និងបញ្ហាគ្រឿងញៀន។

សម្តេចថា«ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយ ដោយតម្រូវឲ្យអ្នកបើកបរយានយន្តទាំងអស់ ត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តងយ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ ប៉ុន្តែជាគោលការណ៍គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្តទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី. ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ»។

សម្តេច ស ខេង បន្តថា ការធ្វើតេស្តរកសារធាតុ ញៀនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន និងកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍ឲ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់យ៉ាងខ្លាំង។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសារហើយ ក្នុងគោលបំណងរឹតបន្តឹងច្បាប់នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឲ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

ជាក់ស្តែងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ កាលពីឆ្នាំ២០២០បានធ្វើម្តងរួចមកហើយ ដោយបានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ៕ ដោយ៖ រិន ចំរើន