ព័ត៌មានរូបភាព៖ សកម្មភាពការដាក់គ្រឿងចក្រនិងការចាប់ផ្តើមសាងសង់ស្ពានអាកាសចំនួនពីរបន្ថែម បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ
សកម្មភាពនៃការដាក់គ្រឿងចក្រចាប់ផ្តើមដំណើរការសាងសង់ស្អានអាកាសចំនួនពីរបន្ថែមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៧ ធ្នូនេះ ។ ស្អានអាកាសទី១. ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២. ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
សូមរំលឹកជូនថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញខាងលើនេះ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។
ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕