ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានអបអរសាទរនិង ថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានលែងត្រីរាជមួយក្បាល ដែលមានទម្ងន់ ៤៦គីឡូក្រាម និងមានប្រវែង ១៥៧សង់ទីម៉ែត្រដែលអ្នកនេសាទ នេសាទបាន ចូលទៅក្នុងទឹកទន្លេមេគង្គ ត្រង់ភូមិសាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ត្រីរាជដែលបានលែង នេះត្រូវបានសង្កាត់រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប បានពាក់ផ្លាកសញ្ញាសម្គាល់របស់ជំនាញជលផល លើត្រីរាជដែលអ្នកនេសាទចាប់បាន ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានលែងចូលទន្លេមេគង្គវិញផងដែរ។
ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។
ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)។ គិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុតទាំង៣ប្រភេទ គឺទី១៖ ត្រីបបែលយក្ស, ទី២៖ ត្រីរាជ និងទី៣៖ ត្រីគល់រាំង។
ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលាទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី០៦ ទៅ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង១២ ទៅ ១៥សង់ទីម៉ែត្រ។
ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំហើយ ជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំអាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជនេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានលែងចូលទៅក្នុងទន្លេវិញ៕