ខេត្តព្រះសីហនុប្រាប់ លោក ហ៊ីង ធីឫទ្ធិ សមាជិក គជប ឱ្យរុះរើសំណង់ ចេញពីទីតាំងដីមួយកន្លែងស្ថិតនៅក្នុងស្រុកព្រៃនប់ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុប្រាប់ លោក ហ៊ីង ធីឫទ្ធិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ឱ្យរុះរើសំណង់ និងការ្យផ្សេងៗដោយខ្លួនឯងចេញពីទីតាំងដីមួយកន្លែងដែលមានទទឹង ១០០ម៉ែត្រ បណ្តោយ ១៨៧ម៉ែត ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ព្រោះ រាជរដ្ឋាភិបាលបានសម្រេចពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងនេះជូននោះទេ។

ការដែលរដ្ឋបាលខេត្តសម្រេចឱ្យរុះរើនេះ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។

យោងតាមលិខិតលេខ ២៨៧/២២ សជណ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពសារព័ត៌មានខ្មែរឈានមុខទទួលបាននៅថ្ងៃទី ១១ ខែវិច្ឆិកានេះ បញ្ជាក់ថា ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យលោក ហ៊ីង ធីឫទ្ធិ ដែលមានតួនាទីជា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរុះរើសំណង់ និងការ្យផ្សេងៗចេញពីទីតាំងដីដោយខ្លួនឯង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការដាំដុះដើមកោងកាងឡើងវិញ។

តាមលិខិតនេះ លោក ហ៊ីង ធីឫទ្ធិ បានដាក់សំណើសុំកាត់ឆ្កៀលដីមួយកន្លែងដែលមានទទឹង ១០០ម៉ែត្រ បណ្តោយ ១៨៧ម៉ែត ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិស្របច្បាប់។ នេះ បើយោង លិខិតលេខ ៧០៨សជណ.កធ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង ពាក្យស្នើសុំចុះថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២២ របស់ លោក ហ៊ីង ធីឫទ្ធិ។

តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ទៅ លោក ហ៊ីង ធីឫទ្ធិ ថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្កៀលដីទីតាំងខាងលើជូននោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌ៣ ដូចជា រលកសមុទ្របង្ក
ឱ្យបាក់ទំនប់ប៉ុលឌែ៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្កៀលដូចគ្នា។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក ហ៊ីង ធីឫទ្ធិ រុះរើសំណង់ និងការ្យផ្សេងៗចេញពីទីតាំង ដីដោយខ្លួនឯង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដាំដើមកោងកាងឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុបានសុំឱ្យ លោក ហ៊ីង ធីឫទ្ធិ ឱ្យអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ពុទ្ធិពល