ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកពីប្រទេសចិនដែលជាមិត្តដែកថែបដ៏ល្អរបស់កម្ពុជាថា គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយរបស់អាស៊ាន ខណៈកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មាន៦៦៩ពាន់លានដុល្លារ កើនឡើង២៨ភាគរយ ។
ការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចតេជោមានប្រសាសន៍បន្តថា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ការជួយគ្នា និងការរៀនសូត្រពីគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បាន រីកចម្រើនជាលំដាប់ ជាមួយនឹងលទ្ធផលបានជាផ្លែផ្កា និងភាពជោគជ័យដ៏រឹងមាំ នៅក្នុងរយៈពេល៣ទសវត្សកន្លងទៅ ។
សម្ដេចតេជោថា អាស៊ានវាយតម្លៃខ្ពស់ នៃការប្ដេជ្ញាចិន និងការអនុវត្តភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួមទាំងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៥០លានដូសដល់អាស៊ាន ។ ការអនុវត្តគំនិតផ្ដួចផ្ដើមខែលការពារាសុខភាពអាស៊ាន-ចិន និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ជាដើម។
សម្ដេចមានសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការ ដែលបាននឹងកំពុងបើកទំព័រថ្មីមួយ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន-ចិន ឲ្យកាន់តែមានសក្ដានុពល ប្រកបដោយថាមពលបន្ថែមទៀត ខណៈអាស៊ានកំពុងកសាងសហគមន៍របស់ខ្លួនឲ្យកាន់តែរឹងមាំ៕ ដោយ៖ រិន ចំរើន